(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តាមរយៈបណ្តាញសារព័ត៌មាន ​Fresh  News  បានចេញមកពន្យល់ថា រាល់ជំនួយបរទេសទាំងឡាយ ដែលមានគោលដៅក្នុងការលើក​តម្កើនគណបក្សនយោបាយណាមួយនៅកម្ពុជា គឺជាការជ្រៀតជ្រែក និងជាការឈ្លានពានដល់ អធិបតីភាពរបស់កម្ពុជា ដែលជាជំនួយនៃបែបផែន អាណានិគមថ្មីមកលើកម្ពុជា។

ការចេញមកអះអាងរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសផ្តាច់ជំនួយដល់ គ.ជ.ប និងជំនួយនានា មកកម្ពុជា ក្រោយពេលតុលាការកំពូលនៃកម្ពុជា បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ និងហាមឃាត់សមាជិកជាន់ខ្ពស់នៃគណបក្សនេះ ចំនួន១១៨នាក់ មិនឱ្យចូលរួមក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំនួយទាំងសម្ភារៈបច្ចេកទេស និងសន្តានចិត្តរបស់ប្រជាជាតិដែលជាមិត្តរបស់កម្ពុជា ក្នុងការ ជួយជ្រោមជ្រែងដល់ គ.ជ.ប គឺចាត់ទុកជា សេចក្តីសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់បណ្តាមិត្តបរទេសទាំងអស់នោះ ក្នុងន័យពង្រឹងនៃសិទ្ធិសម្រេចចិត្ត របស់ប្រជាពលរដ្ឋកម្ពុជា ដែលជាសិទ្ធិស្វ័យសម្រេច ក្នុងកិច្ចទទួលខុសត្រូវ ជោគវាសនារបស់ខ្លួន»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ​បានបន្តថា៖ «ជំនួយគ្រប់ទិដ្ឋភាពទាំងអស់ដល់គ.ជ.ប គឺមិនមែនមានន័យ ឬក្នុងបំណងជួយលើកតម្កើងដល់ គណបក្សនយោបាយណាមួយនោះទេ។ បើសិនជាជំនួយ ណាមួយនោះ ដែលមានបំណង និងទិសដៅក្នុងឧបត្ថម្ភដល់គណបក្សនយោបាយណាមួយ គឺចាត់ទុកថា ជាការជ្រៀតជ្រែក និងឈ្លានពានដល់ អធិបតេយ្យភាពរបស់ប្រជាជាតិខ្មែរ ក្នុងការប្រើប្រាស់នៃសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ហើយជំនួយនោះ ក៏កម្ពុជាយល់ឃើញថា ជាជំនួយនៃបែបផែន អាណានិគមថ្មីមកលើកម្ពុជា»