(សៀមរាប)៖ ក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏អស្ចារ្យមួយ គឺកម្មវិធីរាត្រីស្រមោរស «Gala Dinner» នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប ជូនប្រតិភូទេសចរណ៍ជាតិ-អន្តរជាតិទស្សនាកម្សាន្ត ដើម្បីបង្ហាញប្រាប់អន្តរជាតិថា វិស័យទេសចរណ៍កម្ពុជាពិតជាមានឧត្តមភាព ប្រកួតប្រជែងខ្ពស់ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ឈ្លសវៃ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ព្រឹត្តិការណ៍រាត្រីស្រមោរសនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិម្ម និងជនបទ អមដោយវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក U Onh Maung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា និងមានការចូលរួមពីស្ថាប័នទេសចរណ៍ជាតិ អ្នកទិញ អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិជាង ៥០០ក្រុមហ៊ុន មកពី៦០ប្រទេស។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ពោលជាវិស័យអាទិភាពមួយក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ជាក់ស្ដែង នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥.០១លាននាក់ ក្នុងកំណើន ៥% ដែលបាននាំមកចំណូលដោយផ្ទាល់ ៣.៤ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ស្មើនឹង ប្រមាណ១២%នៃផលិតផលសរុបក្នុងស្រុក និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២០,០០០នាក់ និងបនរយោលរាប់សិបមុឺននាក់ទៀត។ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៣,៩១២,៧៦១នាក់ កើន ១១.៥.%។

លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរក្រសួងទេសចរណ៍ បានខិតខំប្រឹងប្រែងដាក់ចេញ និងអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាបន្តបន្តាប់ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិឲ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងៗ ពិសេសកម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរអន្តរជាតិចំនួន ៥.៦លាននាក់ នៅដំណាច់ឆ្នាំ២០១៧ ដោយនាំមកចំណូលដោយផ្ទាល់ប្រមាណ ៣.៧ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ ដោយបាននាំមកចំណូលដោយផ្ទាល់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា អង្គការទេសចរណ៍ពិភពលោក (WTO) បានព្យាករណ៍ថា នៅឆ្នាំ២០៣០ ពិភពលោកទាំងមូលនឹងទទួលបានទេសចរអន្តរជាតិ ១,៨០០លាននាក់ ដូច្នេះកម្ពុជាត្រូវខិតខំធ្វើយ៉ាងណា ដើម្បីទាក់ទាញលំហូរទេសចរទាំងនោះ ជាមួយការដាក់ចេញយុទ្ធសាស្ត្រ «កម្ពុជាជាគោលដៅទេសចរណ៍ដែលធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពល្អប្រសើរនិងជាគោលដៅទេសចរណ៍ស្អាតនិងបៃតង សម្រាប់ភ្ញៀវទេសចរពីគ្រប់ទិសទីក្នុងពិភពលោក»។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជាមានសក្តានុពលច្រើន សម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយសារប្រទេសនេះ សម្បូរទៅដោយរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ រួមទាំងមរតកវប្បធម៌ទាំងរូបី និងអរូបី ដូចជា រាជធានីភ្នំពេញ និងតំបន់ជុំវិញ តំបន់សៀមរាប-អង្គរ តំបន់ប្រាសាទសំបូរព្រៃគុក តំបន់ប្រាសាទព្រះវិហារ និងតំបន់អេកូទេសចរណ៍នៅភូមិឦសាន និងនិរតី សក្តានុពលទេសចរណ៍តាមដងទន្លេមេគង្គ តំបន់ទេសចរណ៍ជីវចម្រុះនៅបឹងទន្លេសាប។ល។ ក្រៅពីនេះ កម្ពុជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានជាប់ជាសមាជិកនៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក កាលពីឆ្នាំ២០១១ និងភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិ របស់ប្រជាជនកម្ពុជាដែលជាប្រភពធនធានមិនចេះរីងស្ងួត នៃបដិសណ្ឋារកិច្ចទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។

លោកបានគូសបញ្ជាក់ថា កម្ពុជាក៏ត្រូវការវិនិយោគិនជាតិ និងអន្តរជាតិ មកវិនិយោគលើផលិតផលថ្មីៗ នៅតំបន់គោលដៅទាក់ទាញទេសចរណ៍នានា ដើម្បីផ្តល់ជម្រើសឲ្យបានច្រើនដល់ការទស្សនារបស់ភ្ញៀវ ពិសេសផ្តល់ឲ្យភ្ញៀវទទួលបាននូវបទពិសោធន៍ថ្មីៗ តាមរយៈការមកទស្សនា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ»៕