(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតសម្រស់កញ្ញាឯកលំដាប់ពិភពលោក «Miss Global Internatoinal 2017» ដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខ ដោយស្រាបៀរហ្គេនស្បឺត (Ganzberg Beer) ខណៈកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីនេះ បានរកឃើញអ្នកទទួលបានជយលាភីហើយ គឺបានទៅលើកញ្ញាឯកមកពីប្រទេសប្រេស៊ីល ជាអ្នកគ្រងមកុដ ប្រចាំឆ្នាំ២០១៧នេះ បន្ទាប់ពីគណៈកម្មការ បានដាក់ពិន្ទុទៅលើបេក្ខនារីនីមួយៗយ៉ាងយកចិត្តទុកដាក់បំផុតរួចមក។

ក្នុងឱកាសនៃពីធីបើកការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គេបានឃើញវត្តមានជាអធិបតីពីសំណាក់លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួម ក្នុងនោះក៏មានវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក លោកស្រីជាថ្នាក់ដឹកនាំជាច្រើននាក់ទៀត។

បន្ទាប់ពីកម្មវិធីបានដំណើរការទៅ អស់រយៈពេលជាច្រើនម៉ោង គណៈកម្មការបានរកឃើញបេក្ខនារីឆ្នើម ដើម្បីគ្រងមកុដ (Miss Global 2017) ប្រចាំឆ្នាំ២០១៧ នេះ។ ក្នុងនោះកញ្ញាឯកដែលមានវាសនាខ្ពស់ បានគ្រងតំណែងនេះ គឺបានទៅលើកញ្ញាឯកមកពីប្រទេសប្រេស៊ីល ខណៈលេខ២ បានទៅលើកញ្ញាឯកមកពីប្រទេសប៉ាណាម៉ា, លេខ៣ បានទៅលើកញ្ញាឯកមកពីប្រទេស អាល្លឺម៉ង់, លេខ៤ បានទៅលើកញ្ញាឯកមកពីប្រទេសសូម៉ាលីយ៉ា និងលេខ៥ បានទៅលើកញ្ញាឯកមកពីប្រទេសចិន។

សូមបញ្ជាក់ថា កញ្ញាឯកទាំងអស់ទោះបីជាទទួលបានជយលាភី ឬមិនទទួលបានជយលាភី តំណាងទាំង៦០ប្រទេសនេះ នឹងបានពាំនាំ ជួយផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ពិភពលោកឲ្យបានដឹង ពីសក្តានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយ ពោរពេញទៅដោយសម្បត្តិវប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រង៕