(ភ្នំពេញ)៖ លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) តំណាងឲ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង នៅទូទាំងប្រទេសកម្ពុជា បានចេញញត្តិគាំទ្រ ដោយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិនិងហាមឃាត់សមាជិកគណៈបក្សនេះចំនួន១១៨រូប មិនអោយធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

ក្រុមប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់លើបណ្តឹងរំលាយគណៈបក្សសង្គ្រោះជាតិនេះ គឺប្រព្រឹត្តទៅដោយឯករាជ្យស្របតាមនីតិវិធីច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសកម្មភាពគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំធ្វើបាតុកម្ម កុបកម្ម បំផ្លិចបំផ្លាញខុសច្បាប់ បង្កចលាចលក្នុងសង្គម នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មករ និយោជិត និងសេដ្ឋកិច្ចកម្ពុជាម្តងហើយម្តងទៀតនាពេលកន្លងមក។

ជាមួយគ្នានោះ ក្រុមប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក៏បានប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។

នៅក្នុងញត្តិគាំទ្ររបស់​ក្រុមប្រឹក្សាសហជីព ​ក៏បានគូសបញ្ជាក់ថា ការចេញសាលដីការំលាយ គណបក្សសង្រ្គោះជាតិ ពីសំណាក់តុលាការកំពូល គឺជារឿងស័ក្តិសមបំផុតចំពោះការប្រព្រឹត្តទង្វើក្បត់ជាតិ របស់គណបក្សប្រឆាំងមួយនេះ ហើយមិនអាចអត់ឱនឲ្យបាននោះឡើយ។

ក្នុងនាមថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) ក៏បានបង្ហាញការគំាទ្រផងដែរចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស៕