(បន្ទាយមានជ័យ)៖ ភ្នំកងវ៉ា ដែលមានទីតាំងស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បាននិងកំពុងរងនូវការបំផ្លាញយ៉ាងខ្លាំង និងទៅថ្ងៃខាងមុខទៀត អាចលែងមានវត្តមានភ្នំនេះតទៅទៀតហើយ ដោយសារតែក្រុមឈ្មួញ បានធ្វើអាជីវកម្មជីកយកថ្មជារៀងរាល់ថ្ងៃតែម្តង។

មន្រ្តីសាលាខេត្តតូចតាច ដែលសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា រាល់ថ្ងៃភ្នំកងវ៉ា ត្រូវបានក្រុមឈ្មួញប្រើគ្រឿងចក្រ ទៅជីកបំផ្លាញរាល់ថ្ងៃ ដោយគ្មានច្បាប់ទម្លាប់នោះទេ ខណៈដែលខាងក្រសួងរ៉ែ និងថាមពល ធ្លាប់បានចេញលិខិតឲ្យបញ្ឈប់ធ្វើអាជីវកម្ម ជីកថ្ម ពីភ្នំទាំងអស់នៅទូទាំងខេត្តបន្ទាយមានជ័យ។

បើតាមមន្រ្តីរូបនេះ អ្នកនៅពីក្រោយ និងជាម្ចាស់អាជីវកម្មខាងលើនេះ គឺជាមន្រ្តីជាន់ខ្ពស់ម្នាក់នៅសាលាខេត្តបន្ទាយមានជ័យតែម្តង ខណៈដែលមន្ទីររ៉ែ និងថាមពល ក៏មិនហ៊ានទៅហាមឃាត់នោះទេ។

មន្រ្តីដដែលបានបន្តទៀតថា ការធ្វើអាជីវកម្មខុសច្បាប់ ដោយគ្មានអាជ្ញាប័ណ្ណខាងលើនេះ បានធ្វើឲ្យខូចខាតចំណូលពន្ធចូលរដ្ឋយ៉ាងច្រើន ដូច្នេះរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល គួរតែមានវិធានការឲ្យតឹងរឹងជាបំផុតផង ហើយបើតែនៅតែបន្តសកម្មភាពបែបនេះ នោះវត្តមានភ្នំកងវ៉ា តាំងពីដូនតាមក លែងមានវត្តមានតទៅទៀតហើយ។

យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីមន្រ្តីសាលាខេត្ត និងមន្រ្តីជំនាញបាននោះទេនៅថ្ងៃនេះ៕