(កំពង់ធំ​)៖ គិតត្រឹមថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ​អតីតមេឃុំ ជំទប់ សមាជិកប្រឹក្សាឃុំ មកពីគណបក្សសង្គ្រោះជាតិ​ នៅទូទាំងខេត្តកំពង់ធំចំនួន៣៨រូប បានសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា​។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៣៨រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិចំនួន៣៨រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៣៨រូបនេះ រួមមាន៖ មេឃុំចៅសង្កាត់ចំនួន​០៦​នាក់, ជំទប់ទី១ ចំនួន០៨នាក់, ជំទប់ទី២ ចំនួន០៦នាក់ និងក្រុមប្រឹក្សាឃុំ សង្កាត់​១៨​នាក់​។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា តួនាទីរបស់បងប្អូនដែលធ្លាប់មាននឹងត្រូវបានរក្សាដដែល៕