(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រួមជាមួយលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទ ព្រមទាំងមេបញ្ជាការកងកម្លាំងទាំង៣របស់ខេត្ត និងមេបញ្ជាការ មេបញ្ជាការរង តាមបណ្តាកងឯកភាពជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹងរងខេត្ត និងនគរបាលការពារព្រមដែន នៅចំណុចជាំតែព្រំដែន ខ្មែរ-ថៃ រវាងខេត្តព្រះវិហារ និងខេត្តស៊ីសាកេត។

នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានពាំនាំនូវការការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចទាំង២ តែងគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនកងកម្លាំងរបស់យើង ពិសេសបងប្អូនកងកម្លាំង ការពារតាមខ្សែរបន្ទាត់ព្រំដែន។

ថ្មីៗនេះតាមរយះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកអាវរងារដល់កងកម្លាំងយើង នៅតាមព្រំដែនផងដែរ ហើយអ្វីដែលជាការគិតគូរជាងនោះទៅទៀត គឺសម្តេចបានផ្តល់ផ្ទះសំបែង ដីស្រែចំការ និងបានតម្លើងប្រាក់បៀវត្សន៍ និងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់។

លោក អ៊ុន ចាន់ដា ក៏បានជំរុញឲ្យកងកម្លាំងយើងត្រូវរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្យ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗទៀត ដើម្បីឲ្យប្រទេសយើងមានសុខសន្តិភាព និងកាន់តែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត និងត្រូវប្រឆាំងដាច់ខាត ចំពោះបុគ្គលណា ឫក្រុមណាមួយដែលមានបំណងចង់ធ្វើបដិវត្តន៍ពណ៌ ឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា ក៏បាននាំអំណោយយកទៅចែកជូនដល់កងកម្លាំងទាំងពីរផងដែរ៕