(ថៃ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លើកឡើងពីឱកាសវិនិយោគជាច្រើន លើវិស័យសំណង់នៅកម្ពុជា ក្រោមម្លប់នៃសន្តិភាពពេញផ្ទៃប្រទេស ប្រាប់ដល់ក្រុមអ្នកវិនិយោគបរទេសជាច្រើននាក់ ក្នុងឱកាសចូលរួមពិព័រណ៍ស្តីពី Smart City Safe City Lighting Fair 2017 នៅរាជធានីបាងកក ប្រទេសថៃ។

ពិព័រណ៍ស្តីពី Smart City Safe City Lighting Fair 2017 នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលនេះជាមោទនភាពយ៉ាងធំ ដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដឹកនាំសមាជិក-សមាជិកា និងបុគ្គលិករបស់ខ្លួន តំណាងឲ្យអ្នកវិនិយោគវិស័យសំណង់កម្ពុជា បង្ហាញវត្តមានលើឆាកអន្តរជាតិ។

លោកឧកញ៉ា លី ហួរ បានលើកបង្ហាញពីភាពរីកចម្រើន និងឱកាសវិនិយោគនៅកម្ពុជាដល់អ្នកវិនិយោគបរទេសផងដែរ ក្នុងនោះលោកបានថ្លែងថា បច្ចុប្បន្ន កម្ពុជាត្រូវបានចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍ មានសេដ្ឋកិច្ចរឹងមាំក្នុងអត្រាជាមធ្យម ៧% ក្នុងរយៈពេល២០ឆ្នាំ ជាប់គ្នាៗចុងក្រោយនេះ ហើយអត្រាសេដ្ឋកិច្ចនេះ កើតចេញពីវិស័យសំខាន់ៗចំនួន៥ រួមមាន៖ សំណង់ កសិកម្ម វាយនភណ្ឌ ទេសចរណ៍ និងហិរញ្ញវត្ថុ។

លោកឧកញ៉ាបានបន្តថា អត្រាសេដ្ឋកិច្ចដ៏ល្អប្រសើរដែលកើតចេញមកពីកត្តាទាំង៥នេះ ក៏បានផ្ដើមចេញពីឫសគល់ដ៏សំខាន់ នៃស្ថិរភាពនយោបាយរឹងមាំ ភាគរីកចម្រើននៃធនធានមនុស្ស ស្ថានភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ អាកាសធាតុល្អ និងកត្តាសំខាន់មួយចំនួនទៀត។

លោក លី ហួរ បានបញ្ជាក់ថា ក្នុងចំណោមវិស័យអាទិភាពទាំង៥ខាងលើ វិស័យសំណង់ និងការអភិវឌ្ឍ បានដើរតួនាទីយ៉ាងសំខាន់ និងផ្ដល់ឱកាសដ៏ច្រើនសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីបណ្ដាក់ទុកលើវិស័យនេះ ដែលងាយនឹងទទួលបានប្រាក់ចំណេញ ជាក់ស្ដែង ប្រទេសកម្ពុជាមានអ្នកវិនិយោគក្នុងស្រុកជាច្រើនកំពុងអភិវឌ្ឍន៍ ហើយក៏មានវិនិយោគិនបរទេសមកអភិវឌ្ឍលើវិស័យសំណង់ ក្នុងនោះប្រទេសចិនស្ថិតនៅលំដាប់ថ្នាក់ទី១ កូរ៉េខាងត្បូងលេខ២ ជប៉ុនលេខ៣ សិង្ហបុរីលេខ៤ និងថៃលេខ៥។

លោកបានថ្លែងនូវការកៀរគរថា ប្រទេសកម្ពុជានៅតែត្រូវការការវិនិយោគ ពីអ្នកវិនិយោគបរទេសបន្ថែមផងដែរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យបន្តរីកចម្រើនទៅមុខ និងទទួលបានផលចំណេញជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕