(កំពត)៖ គិតត្រឹមថ្ងៃទី​២០ ខែវិច្ឆិកា​ ឆ្នាំ​២០១៧នេះ​ អតីតក្រុមប្រឹក្សាស្រុក មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សសង្គ្រោះជាតិ​ នៅទូទាំងខេត្តកំពត ចំនួន៥៣រូប បានសុំចូលរួមរស់ជីវភាពនយោបាយ​ ជាមួយគណបក្សប្រជាជនកម្ពុជា​។ ក្នុងនោះក្រុមប្រឹក្សាស្រុក​៤នាក់​ មេឃុំ​៧នាក់​ ជំទប់ទី១​ ចំនួន៤នាក់​ ជំទប់ទី២​ ចំនួន១០នាក់​ និងក្រុមប្រឹក្សាឃុំ​២៨នាក់។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៥៣រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្ស សង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិចំនួន៥៣រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា តួនាទីរបស់បងប្អូនដែល ធ្លាប់មាននឹងត្រូវបានរក្សាដដែល៕