(កំពង់ចាម)៖ អតីតមេឃុំជើងព្រៃ ស្រុកបាធាយ និងអតីតសមាជិកក្រុមប្រឹក្សាឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាមចំនួន២នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ​នោះ គឺលោក វ៉ែន សំអុល អាយុ៥៣ឆ្នាំ អតីតមេឃុំជើងព្រៃ ស្រុកបាធាយ រស់នៅភូមិជើងព្រៃ និងលោក ហោ ហ៊ិន អាយុ៦១ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំរាយប៉ាយ ស្រុកកងមាស រស់នៅភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា តួនាទីរបស់បងប្អូនដែលធ្លាប់មាននឹងត្រូវបានរក្សាដដែល៕