(ស្វាយរៀង)៖ ​អតីត​​​​សមាជិកក្រុមប្រឹក្សា និងជំទប់ សុរប៤នាក់ទៀតហើយ នៅមូលដ្ឋានស្រុកស្វាយជ្រំ ស្រុកចន្រ្ទា និងស្រុកស្វាយទាប ខេត្តស្វាយរៀង របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់ បានឃើញនូវអំពើក្បត់ជាតិ របស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោស រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

​អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ ទាំង៤រូបនោះរួមមាន៖
ទី១៖លោក ស្ដើង រៀម អាយុ៦៥ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ទី២៖លោក ឆុំ សារឿន អាយុ៦១ឆ្នាំ អតីតជំទប់ទី២ ឃុំពពែក ស្រុកស្វាយទាប
ទី៣៖លោក យស់ សុខា អាយុ៥២ឆ្នាំ អតីតជំទប់ទី២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប
ទី៤៖​លោក ឯក សារិន អាយុ៥៥ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំច្រេស ស្រុកចន្ទ្រា។

គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀ​ង បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្ស សង្គ្រោះជាតិ​រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវ អំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ. ប៕​