(ភ្នំពេញ)៖ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីប្រកាសថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ទទួលយកអសនៈ ក្នុងរដ្ឋសភា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ។ នេះបើតាមលិខិតរបស់ ប្រធានគណបក្សសញ្ជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្នុងលិខិតរបស់ គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ថា​ គណបក្សសញ្ជាតិកម្ពុជា បានទទួលសេចក្តីជូនដំណឹងរបស់ គ.ជ.ប ហើយ កាលពីម្សិលមិញ។ គណបក្សសញ្ជាតិកម្ពុជា ត្រៀមទទួលយកអាសនៈទំនេរនេះ ស្របទៅតាច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបម្រើជាតិមាតុភូមិ ហើយកំពុងរៀបចំឯកសារដាក់ជូនទៅ គ.ជ.ប វិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្ញើលិខិតជូនគណបក្សចំនួន៦ ដែលចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣ កន្លងទៅ ឱ្យរៀបចំធ្វើបច្ចុប្បន្នភាព នៃបេក្ខជនរបស់ខ្លួន ដើម្បីទទួលយក អសនៈ នៅក្នុងរដ្ឋសភា ដែលនៅទំនេរក្រោយពេលរំលាយគណបក្សសង្រ្គោះជាតិ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា គ.ជ.ប បានទុកពេលចំនួន៥ថ្ងៃ ឱ្យគណបក្សទាំងនោះធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបេក្ខជន តំណាងរាស្រ្តរបស់ខ្លួន ហើយឆ្លើយតបមកកាន់ គ.ជ.ប វិញ។ បើសិនជាក្នុងអំឡុងពេល៥ថ្ងៃ  គណបក្សពុំបានឆ្លើយតបទេ មានន័យថា គណបក្សនោះយល់ព្រមដាក់បេក្ខជនចាស់ដដែល ដូចការបោះឆ្នោតឆ្នាំ២០១៣។

សូមបញ្ជាក់ថា តាមការបង្ហាញរបស់ គ.ជ.ប មានគណបក្សចំនួន៦ ដែលចូលរួមក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ អាចនឹងទទួលបាន អាសនៈរដ្ឋសភា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ក្នុងនោះរួមមាន៖

១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៤៖ គណបក្សខ្មែរឈប់ក្រ
៥៖ គណបក្សសញ្ជាតិកម្ពុជា
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕