(ភ្នំពេញ)៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ (LDP) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសបដិសេធ មិនទទួលយកអាសនៈទំនេរណាមួយនៅក្នុងរដ្ឋសភា ដែលផ្តល់ដោយ គ.ជ.ប ក្រោយរំលាយ គណបក្សសង្រ្គោះជាតិនោះឡើយ។ នេះបើតាមលិខិតរបស់គណបក្ស LDP ផ្ញើទៅកាន់ គ.ជ.ប នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

លិខិតបដិសេធរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានប្រកាសឱ្យគណបក្សនយោបាយចំនួន៦ ដែលនឹងត្រូវទទួលយកអាសនៈ ក្នុងរដ្ឋសភា ធ្វើបច្ចុប្បន្នភាព​បេក្ខជន ដើម្បីទទួលយកអសនៈរដ្ឋសភា ដែលនៅទំនេរ ក្រោយតុលាការកំពូល កាត់ទោសរំលាយគណបក្ស សង្រ្គោះជាតិ។

លិខិតរបស់គណបក្សសម្ព័ន្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្លើយតបនឹងបញ្ហាខាងលើនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមបញ្ជាក់ចំពោះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតថា គណបក្សនឹងមិនទទួលយកអាសនៈណាមួយ ដែលផ្តល់ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ»។ ទោះជាយ៉ាងណាមូលហេតុនៃការបដិសេធ មិនទទួលយកអាសនៈទំនេរណាមួយនៅក្នុងរដ្ឋសភា របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនត្រូវបានបញ្ជាក់នៅក្នុងលិខិតនោះនៅឡើយ។

ទោះបីយ៉ាងណា​នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីប្រកាសថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ទទួលយកអសនៈ ក្នុងរដ្ឋសភា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ។

ក្នុងលិខិតរបស់ គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ថា​ គណបក្សសញ្ជាតិកម្ពុជា បានទទួលសេចក្តីជូនដំណឹងរបស់ គ.ជ.ប ហើយ កាលពីម្សិលមិញ។ គណបក្សសញ្ជាតិកម្ពុជា ត្រៀមទទួលយកអាសនៈទំនេរនេះ ស្របទៅតាច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបម្រើជាតិមាតុភូមិ ហើយកំពុងរៀបចំឯកសារដាក់ជូនទៅ គ.ជ.ប វិញ។

សូមបញ្ជាក់ថា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ អាសនៈចំនួន៥៥ របស់គណ​បក្សនេះ នឹងត្រូវបែងចែកទៅឱ្យ គណបក្សចំនួន៦ ដែលចូលរួមក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ក្នុងនោះរួមមាន៖

១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៤៖ គណបក្សខ្មែរឈប់ក្រ
៥៖ គណបក្សសញ្ជាតិកម្ពុជា
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕