(ហូឡង់)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរអាវុធគីមី នៃក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News ពីប្រទេសហូឡង់ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា លោកបានជួបពិភាក្សាការងារ ជាមួយមន្ត្រីអង្គការហាមឃាត់អាវុធគីមី (Organization for the Prohibition of Chemical Weapons - OPCW)  នៃអង្គការសហប្រជាជាតិ នៅប្រទេសហូឡង់រួចរាល់ហើយ បន្ទាប់ពីអង្គការនេះ ផ្ញើលិខិតឆ្លើយតបជាមួយប្រទេសកម្ពុជា ពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែកគីមី ដែលទម្លាក់ ដោយសហរដ្ឋអាមេរិក លើទឹកដីកម្ពុជា ក្នុងខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ក្នុងជំនួបនោះលោកបានដល់ព័ត៌មាន ជូនមន្ត្រីអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ និងបានពិភាក្សាយ៉ាងលំអិត អំពីការងារមួយចំនួនទៀត ពាក់ព័ន្ធនឹងគ្រាប់បែកគីមី ដែលបានរកឃើញនៅលើទឹកដី ខេត្តស្វាយរៀង។

លោកបញ្ជាក់ថា «ក្រុមជំនាញរបស់អង្គការ OPCW អាចនឹងចេញដំណើរមកកម្ពុជា ក្នុងពេលឆាប់ៗ​ខាងមុខនេះ»

ការចេញទៅជួបមន្ត្រីអង្គការ OPCW របស់មន្ត្រីជាន់ខ្ពស់អាជ្ញាធរអាវុធគីមីរូបនេះ ធ្វើឡើងបន្ទាប់ពីអង្គការ OPCW បានឆ្លើយតបនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើឲ្យអង្គការមួយនេះ បញ្ជូនក្រុមបច្ចេកទេសខាងអាវុធគីមី ដើម្បីមកពិនិត្យវាយតម្លៃ និងចូលរួមបោសសម្អាតគ្រាប់បែកគីមី ដែលរកឃើញនៅលើទឹកដីខេត្តស្វាយរៀង នៃប្រទេសកម្ពុជា ដោយគ្រាប់បែកទាំងនោះ បានទម្លាក់ដោយសហរដ្ឋអាមេរិក ស្របតាមអនុសញ្ញាស្តីពីអាវុធគីមី របស់អង្គការសហប្រជាជាតិ។

គ្រាប់បែកគីមីដែលទម្លាក់ ដោយសហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរអាវុធគីមី និងស៊ីម៉ាក់ រកឃើញកើនឡើងរហូតដល់២២ទីតាំងថ្មីទៀត នៅក្នុងឃុំគគីរ និងឃុំក្បែរៗនោះ នៃស្រុករមាសហែក ខេត្តស្វាយរៀង។ គ្រាប់បែក១គ្រាប់ ត្រូវបានមន្ត្រីជំនាញដោះបាននៅក្នុង បរិវេណសាលាបឋមសិក្សាគគីរ។ បន្ទាប់ពីធ្វើការពិសោធន៍យ៉ាងយកចិត្តទុកដាក់ មន្ត្រីជំនាញរបស់កម្ពុជា បានវាយតម្លៃថា គ្រាប់បែកនោះ ជាប្រភេទសារធាតុគីមី Nitrogen Mustard ដែលហៅម្យ៉ាងទៀតថា Blister Agents ដែលអាចបង្ករទុកទោសយ៉ាងធ្ងន់ធរ ដល់សុខភាពមនុស្ស ដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម មិនដូចទៅនឹងសេចក្តីថ្លែងការណ៍របស់អាមេរិកដែលថា គ្រាប់បែកនោះត្រឹមតែជាឧស្ម័នបង្ហូរទឹកនោះឡើយ។

ក្រៅពីរកឃើញគ្រាប់បែកជាច្រើនទីតាំងហើយនោះ ប្រជាពលរដ្ឋនៅតំបន់នោះជិត១០០នាក់ ក៏បានរកឃើញរងគ្រោះដោយសារសារធាតុគីមីនេះផងដែរ ដោយមួយចំនួនធំ មានបញ្ហារមាស់ស្បែក ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជាបន្តបន្ទាប់ ខណៈកុមារ៣នាក់កើតមកមានសភាពខុសប្រក្រតី។

បើតាមរបាយការណ៍របស់ស៉ីម៉ាក់ អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាម​ច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។​ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺ​មានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក​ មានចំនួនគ្រាប់ទំលាក់ចំនួន ជាង២លាន៥៩ម៉ឺនគ្រាប់​ មានទំងន់ជាង២លាន៨សែនតោន​ (២,៨០៣,៨៦៨,១៥២​គីឡូក្រាម)​ ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួន​ជាង២៧លាន៩សែនគ្រាប់​។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕