(កំពង់ធំ)៖ ដោយមើលឃើញពីការលំបាក​មានជីវភាពខ្វះខាត និងខ្លះទៀតមានមុខរបរមិនពិតប្រាកដ ខកខានរកស៊ីទទួលទានផងនោះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយលោក គង់ វិមាន អភិបាលរងខេត្ត និងក្រុមការងារបាននាំយកអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រ ​ដើម្បីដោះស្រាយភ្លាមៗ និងទាន់ពេលវេលា ក្នុងការចូលរួមចំណែក ក៏ដូចជាចែករំលែកនូវក្តីស្រលាញ់ ដែលធ្លាប់រួមសុខ រួមទុក្ខជាមួយនឹងគ្នាជារៀងរហូតមក។

លោក ណែត សារី អភិបាលស្រុកស្ទោង បានលើកឡើងថា អំណោយដែលត្រូវចែកជូនគ្រួសារនៅពេលនេះមាន ចំនួន​១៧៥​គ្រួសារ មកពី៩ភូមិ ក្នុងឃុំប្រឡាយ ស្រុកស្ទោង ជាការឧបត្ថម្ភរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ត្រីខ៦កំប៉ុង ប្រេងឆា ១លីត្រ និងអំបិល​១កញ្ចប់​។

លោក សុខ លូ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឪពុកម្តាយ បើប្រជាពលរដ្ឋមានទុក្ខលំបាក ហើយរត់មកពឹងពាក់ហើយ លោកមិនដែលធ្វើព្រងើយនោះទេ។

លោកបានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឲ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឲ្យបងប្អូនរកទទួលទានដោយខ្លួនឯង ទើបធ្វើឲ្យជីវភាពគាប់ប្រសើរ។ ម្យ៉ាងវិញទៀតត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុក​ទាំងអស់គ្នាជាគ្រួសារតែមួយ​។ លោកបានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យជួយសម្រួលដល់​ ប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាកពិសេសចាស់ជរា កុមារកំព្រា ស្ត្រីម៉េមាយ ទុរគតជនជាដើម​៕