(ភ្នំពេញ)៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនជាតិមីយ៉ាន់ម៉ាម្នាក់ និងវៀតណាម ចំនួន៥នាក់ ពីបទលួចឆ្លងដែនចូល-ស្នាក់នៅ និងធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងសៀវភៅការងារ) រួចបញ្ជូនមកនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

ដើម្បីធ្វើការបណ្តេញចេញពីកម្ពុជា។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយនាយកដ្ឋានច្រកទ្វារទី១ និងប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ឈ្មោះ HLA SOE ភេទប្រុស សញ្ជាតិមីយ៉ាន់ម៉ា កើតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៨ លិខិតឆ្លងដែនលេខTA078830 បទល្មើសលួចស្នាក់នៅខុស ច្បាប់ (អត់ប្រថាប់ត្រាចូលកម្ពុជា) បណ្តេញចេញពីកម្ពុជារយៈពេល៣ឆ្នាំ ឲ្យចេញពីកម្ពុជាតាមជើងយន្តហោះលេខ EK 389 វេលាម៉ោង២៣៖១០នាទី ពីភ្នំពេញឆ្ពោះទៅប្រទេស ដើមវិញ។

លោកឧត្តមសេនីយ៍បានបន្ដទៀតថា ចំណែកជនជាតិវៀតណាមទាំង៥នាក់ខាងលើនេះ រួមមាន ទី១៖ ឈ្មោះ ជិន យុក ភេទប្រុស ជនជាតិវៀតណាម កើតឆ្នាំ១៩៧៥ គ្មានលិខិត ឆ្លងដែន, ទី២៖ ឈ្មោះ ហ័រ ធីហាន់ ភេទស្រី ជនជាតិវៀតណាម កើតឆ្នាំ១៩៧៩ គ្មានលិខិតឆ្លងដែន, ទី៣៖ ឈ្មោះ ធី រ៉ា (ហៅ ជឿង ធីគ្រឿង) ភេទប្រុស ជនជាតិវៀតណាម កើតឆ្នាំ១៩៨៩ គ្មានលិខិតឆ្លងដែន, ទី៤៖ ឈ្មោះ ចាន់ ធីគ្រឿង ភេទប្រុស ជនជាតិវៀតណាម កើតឆ្នាំ១៩៨៥ គ្មានលិខិតឆ្លងដែន, ទី៥៖ ឈ្មោះ ចាំង យ៉ាំងយូ ភេទប្រុស ជនជាតិវៀតណាម កើតឆ្នាំ១៩៨៤ គ្មានលិខិតឆ្លងដែន៕