(ត្បូងឃ្មុំ) លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាតំណាងឲ្យលោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំមន្រ្តីក្រសួង ផ្តល់ការអប់រំស្តីពីទស្សនាទាន ព្រះពុទ្ធសាសនា ដល់សិស្ស ជាង១៣៥០នាក់ នៃវិទ្យាល័យ ហ៊ុន សែន ខ្នា ភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

នៅក្នុងឱកាសនោះលោក ប៉ែន វិបុល ដែលបានចូលរួមប្រារព្ធកម្មវិធីនេះ ផ្ទាល់បានលើកឡើង ពីការដឹងគុណមាតាបិតា លោកគ្រូអ្នកគ្រូ និងបញ្រ្ជាបនូវពុទ្ធឱវាទដល់យុវជន ឱ្យយល់ដឹងបុណ្យ បាបគុណទោស សីលធម៌ សុជីវធម៌ និងចរិយាធម៌ ក្នុងសង្គមឱ្យជៀសផុតអំពីការប្រើប្រាស់គ្រឿងញៀនទប់ស្កាត់អំពើ ហិង្សាក្នុងគ្រួសារ អំពើអនាចារការរំលោភសេពសន្ធវៈ យល់ដឹងពីបញ្ហាសុខភាព ជំងឺអេដស៍ គ្រោះថ្នាក់ចររាចរណ៍ និងក្មេងទំនើង។

ខណៈដែលវាគ្មិន បានចូលរួមក្រើនរំលឹកដល់ សិស្សជាង១ពាន់នាក់ នៅខេត្តត្បូងឃ្មុំ ស្តីពីការដឹកគុណមាតាបិតា, សិស្សា នុសិស្ស ដែលបានចូលរួម ភាគច្រើនបានបង្ហូរទឹកភ្នែក និងយំសោក។ ការបង្ហាញអារម្មណ៍នេះ សរបញ្ជាក់ឲ្យឃើញថា ការផ្តល់ដំបូន្មាន របស់ថ្នាក់ដឹកនាំក្រសួងធម្មការ នាពេលនេះ ពិតជាបានជ្រួតជ្រាបទៅដល់សិស្សានុសិស្សផងដែរ។

វាគ្មិនពិសេសៗ ដែលបានចូលរួមនៅក្នុងពិធីសាសនា នៅខេត្តត្បូងឃ្មុំ នាពេលនេះ រួមមាន៖ ព្រះព្រហ្មចរិយញាណ យិត្ត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ, ព្រះមហា យឿន សុខនឿន, លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនា និងលោក លឹម សុខឡាយ នាយកវិទ្យាល័យ ហ៊ុន សែន ខ្នា។

បន្ថែមពីលើនេះលោក ប៉ែន វិបុល ក៏បានលើកឡើងថា ការទទួលបានសុខសន្តិភាព និងមានសេរីភាពពេញបរិបូរណ៍ នាពេលបច្ចុប្បន្ននេះ គឺដោយសារតែប្រទេសជាតិមានសន្តិភាព គ្មានសង្រ្គាម ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទើបប្រជាពលរដ្ឋ និងប្អូនៗ ក្មួយៗ គ្រប់គ្នា មានជីវិតសំបូរសប្បាយរហូតមកដល់សព្វថ្ងៃនេះ។

គួរបញ្ជាក់ថា ការរៀបចំកម្មវិធីអប់រំ ស្តីពីទស្សនាទានព្រះពុទ្ធសាសនា ដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ ពី នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃ​ក្រសួងធម្មការ និងសាសនា។

ការបង្កើតកម្មវិធីនេះ ក៏បានធ្វើឡើងឆ្លើយតបទៅ នឹងអនុសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥៕