(កំពង់ធំ)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំ និងបេក្ខជនបម្រុងឃុំ នៅខេត្តកំពង់ធំ សរុប៧នាក់​ទៀតហើយ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​ទាំង៧រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​មន្ដ្រីគណបក្សសង្គ្រោះជាតិ​​ទាំង៧រូបនោះ រួមមាន៖​
ទី១៖ លោក សារី យន់ អតីតសមាជិកក្រុមប្រឹក្សា ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី២៖ លោក ស៊ីង មាន អតីតសមាជិកក្រុមប្រឹក្សា ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី៣៖ លោក ឡេង ឡែម អតីតបេក្ខជនឈរឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ឃុំបន្ទាយស្ទោង ខេត្តកំពង់ធំ
ទី៤៖ លោក ចន បន អតីតបេក្ខជនបម្រុង នៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ
ទី៥៖ លោក លន់ ទិត អតីតបេក្ខជនបម្រុង ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ទី៦៖ លោក ហុក ឆេងវ៉ា អតីតបេក្ខជន ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ទី៧៖ លោក ហូយ ស៊ន អតីតសមាជិកក្រុមប្រឹក្សា ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​​​ទាំង៧រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប៕