(ត្បូងឃ្មុំ)៖ ដើម្បីអបអរសាទរទិវា អនាម័យបរិស្ថានជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ បានរៀបចំព្រឹត្តិការអនាម័យបរិស្ថាន នៅតាមដងផ្លូវ កន្លែងកំសាន្ដ និងទីសាធារណៈនានា ជុំវិញខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «តោះនាំគ្នាសំអាតផ្ទះរបស់យើង» ក្រោមអធិបតីភាពលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ មានការចូលរួមពីលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសិស្សានុសិស្ស សិស្សនិសិ្សតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបប្រមាណជាង៦០០នាក់ ។

លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ថ្លែងឲ្យដឹងថា ទិវាអនាម័យបរិស្ថាន បានរៀបចំឡើង នាថ្ងៃនេះ ដើម្បីជុំរុញការចូលរួមសំអាតបរិស្ថាន ក្នុងចំណោមប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានតាម រយៈលើកកម្ពស់ការយល់ដឹង របស់ពួកគាត់ អំពីផលប៉ះពាល់ពីការចោលសំរាមផ្ដេសផ្ដាស ទៅលើបរិស្ថាន និងសុខភាពមនុស្ស។

លោកបន្តទៀតថា ទិវាអនាម័យបរិស្ថានក្រោមប្រធានបទ «តោះនាំគ្នាសំអាតផ្ទះរបស់យើង» មិនមានន័យត្រឹមតែលំនៅដ្ឋាន ឬផ្ទះប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ដណ្ដប់ទូទាំងប្រទេសកម្ពុជាទាំងមូល ដែលប្រៀបដូចជា ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរអញ្ចឹងដែរ។ ទោះយ៉ាងណាក្ដី បរិស្ថានប្រទេសកម្ពុជា នឹងមិនអាចស្អាតបានទេ លុះណាបរិស្ថានតាមលំនៅដ្ឋាន សាលារៀន សិប្បកម្ម អាជីវកម្ម រោងចក្រ ស្អាតជាមុនសិន។ ដូចនេះ ដើម្បីឲ្យកម្ពុជាមានបរិស្ថានស្អាត ប្រជាពលរដ្ឋខ្មែរម្នាក់ៗ រួមទាំងជនបទេសដែររស់នៅក្នុងប្រទេសកម្ពុជា ត្រូវមានកាត្វកិច្ចសំអាតបរិស្ថាន និងទទួលខុសត្រូវ ចំពោះបរិស្ថានខូចខាត ដោយសារទង្វើរបស់ខ្លួន។

ថ្លែងក្នុងឳកាសនោះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសារធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ គ្រប់គ្រងសំណល់រឹងឲ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទដូចជា សំណល់អាចកែច្នៃបាន សារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួន ឲ្យមានតម្លែសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់ នៅតាមទីលាន។

លោកបានបញ្ជាក់ថា «យើងទាំងអស់ត្រូវចូលរួមថែរក្សាបរិស្ថាន បង្កើនហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានស្អាតនៅតាមទីសាធារណៈ ហើយត្រូវយកចិត្តទុកដាក់ជានិច្ច ចំពោះបញ្ហាបរិស្ថានត្រូវធ្វើការផ្សព្វផ្សាយ ឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋ។ បើខេត្តយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងខេត្តបានល្អ យើងអាចទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងដំណើរកំសាន្តបានច្រើន ហើយអាចធ្វើឲ្យប្រជាពលរដ្ឋអាចកាត់បន្ថយ ភាពក្រីក្របានមួយកម្រិតផង»

សូមបញ្ជាក់ថា ទិវានេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការយល់ដឹងកិច្ចគាំពារ ការទុកដាក់សំរាម និងថែរក្សាសំរាមឲ្យមានសណ្ដាប់ធ្នាប់ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ និងយកអនុវត្តតាមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ដោយបានចែកសំភារៈធុងសំរាម និងដាំដើមឈើ ដើម្បីចូលរួមសំអាតសោភ័ណ្ឌភាពទីក្រុងផងដែរ៕