(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមដំណើរដោយមន្ត្រីជំនាញ មន្ត្រីមូលដ្ឋាន បានចុះពិនិត្យការសង់រោងស្នាក់នៅ បណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ១៥៣គ្រួសារ ដែលត្រូវរុះរើលំនៅឋាន ចេញពីមាត់ប្រឡាយស្ទឹងមានជ័យ។

ប្រជាពលរដ្ឋរស់ នៅតាមប្រឡាយស្ទឹងមានជ័យចំនួន១៥៣គ្រួសារ បានចាកចេញពីលំនៅដ្ឋានរបស់ពួកគាត់ តាមមាត់ប្រឡាយមកស្នាក់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្រោមការរៀបចំកន្លែងស្នាក់នៅ ជាបណ្ណោះអាសន្នរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ដើម្បីអោយការរៀបចំនេះ បានល្អប្រសើរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អភិបាលរង និងមន្ត្រីជំនាញ បានចុះមើលស្ថានភាពជាក់ស្តែង នៃការការរៀបចំកន្លែងស្នាក់នៅ ជាបណ្ណោះអាសន្ននេះផងដែរ។

ប្រជាពលរដ្ឋរស់នៅ តាមប្រឡាយស្ទឹងមានជ័យជាង១៥៣គ្រួសារ នឹងត្រូវបញ្ជូនមកស្នាក់នៅ ជាបណ្ណោះអាសន្ននៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលផ្ទះមានទំហំ៤គុណ៦ម៉ែត្រ មានផ្លូវមុខក្រោយមានទឹកភ្លើង និងបង្គន់អនាម័យផងដែរ៕