(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តចុះពិនិត្យ និងធ្វើការផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ នៅតាមដេប៉ូ និងស្តារម៉ាត ក្នុងក្រុងពោធិ៍សាត់ ដែលជាលទ្ធផលរកមិនឃើញ ផលិតផលណាមួយ ខូចគុណភាពនោះទេ។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សព្វថ្ងៃនេះមន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុកដាក់ចុះពិនិត្យតាមដេប៉ូ តាមស្តារម៉ាត និងតាមបណ្តាផ្សារនានា ក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបានដកហូត និងធ្វើការផ្សព្វផ្សាយ អំពីផលប៉ះពាល នៃការបរិភោគអាហារហួសកាលបរិច្ឆេទ និងទំនិញខូចគុណភាព ជាពិសេសការលាយសារធាតុគីមី។ ជាស្តែងនៅក្នុងក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ត្រីកាំកុងត្រូលខេត្ត បានចុះពិនិត្យនៅតាមដេប៉ូ និងតាមស្តារម៉ាត ជាលទ្ធផលរកមិនឃើញទំនិញណាមួយខូចគុណភាពទេ។

លោកប្រធានសាខាកាំកុងត្រូលបានបន្តថា ក្នុងការចុះពិនិត្យទំនិញខាងលើ យើងសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករបានសម្តែង នូវទឹកចិត្តសប្បាយរីករាយ និងបានគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូលយើង ដែលតែងតែចុះពិនិត្យទំនិញជាញឹកញាប់។

ជាមួយគ្នានោះ ក្រុមការងារក៏បានចែកខិតប័ណ្ណផ្សាយផ្សាយដល់អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករអ្នកចែកចាយ អ្នកលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ហាមឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព៕