(សៀមរាប)៖ កិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចាប់ដំណើរកា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយផ្តើមចេញពីកិច្ចប្រជុំបច្ចេកទេសលើកទី២៩ ផ្តោតសំខាន់លើការតាមដានរបាយការណ៍បច្ចេកទេស នៃក្រុមគម្រោងនានា ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធាននៃប្រទេសបារាំង និងជប៉ុន រួមទាំងអ្នកចូលរួមប្រមាណជាង ៣០០នាក់ផងដែរ។

ក្នុងពិធីបើកកិច្ចប្រជុំនេះដែរ លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានបង្ហាញនូវការគាំទ្រថា «ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធដែលបានជម្នះឧបសគ្គទប់ស្កាត់ការរីករាលដាល នូវសំណង់ខុសច្បាប់យ៉ាងគំហុក ក្នុងរយៈពេលចុងក្រោយនេះ និងចំណាត់ការទប់ស្កាត់ ការរីករាលដាលនៃសំណង់ ខុសច្បាប់ ក្នុងរមណីយដ្ឋានអង្គររបស់គណៈកម្មការចម្រុះ នៃអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប»។

លោកស្រីបានថ្លែងទៀតថា ការថែរក្សារមណីយដ្ឋានអង្គរ គឺចាំបាច់ណាស់ថែរក្សាឲ្យបាននូវបូរណភាព និងយថាភាពនៃអង្គរ ជាពិសេស គឺតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ដែលបានទទួលស្គាល់ថា កំណើនប្រជាជនក្នុងតំបន់អង្គរបានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលចុងក្រោយនេះ។ ដូច្នេះការទប់ស្កាត់នូវសំណង់ខុសច្បាប់ គឺត្រូវតែច្បាស់លាស់ ដើម្បីថែរក្សាឲ្យបាននូវតម្លៃបេតិកភណ្ឌអង្គរ ដែលរួមទាំងប្រពៃណី ទេសភាពវប្បធម៌ និងអ្វីៗគ្រប់យ៉ាងដែលជាតម្លៃដើមនៃរមណីយដ្ឋានអង្គរ។

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ កំពុងតែដំណើរការកិច្ចប្រជុំរបស់ខ្លួន ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ ជាកិច្ចប្រជុំបច្ចេកទេសលើកទី២៩ និង១៤ ជាកិច្ចប្រជុំពេញអង្គលើកទី២៤ ខែធ្នូនេះ នៅសាលប្រជុំនៃអាជ្ញាធរជាតិអប្សរា៕