(ភ្នំពេញ)៖ សាធារណរដ្ឋឆែក បានបង្ហាញជំហរយ៉ាងរឺងមាំក្នុងការបន្ត និងបង្កើនកិច្ចសហការវះកាត់ជូនកុមារកម្ពុជា ជាមួយមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីរួមគ្នាអនុវត្តការងារនានា ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនៅកម្ពុជា។

គោលជំហរជួយកម្ពុជានេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ជាមួយគណៈប្រតិភូព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក ដែលដឹកនាំដោយលោក អ៊ីវ៉ូ បារែក អនុប្រធានព្រឹទ្ធសភាឆែក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលឆ្លុះបញ្ចាំងពីភាពស្និទ្ធស្នាលបន្ថែមទៀត រវាងប្រជាជាតិកម្ពុជា-ឆែក ជាពិសេសការបង្ខិតជិតនៃវិស័យសុខាភិបាល ផ្នែកមន្ទីរពេទ្យនៃភាគីទាំទ្វេ។

មន្ទីរពេទ្យកាល់ម៉ែតនៃកម្ពុជា ក្រៅអំពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជា ប្រទេសបារាំង អូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ សិង្ហបុរី ថៃជាដើម បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការរួមគា្នវះកាត់កុមារកម្ពុជា ដែលមានជំងឺបេះដូងពីកំណើត ជាមួយសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសវះកាត់បេះដូង នៃសាធារណរដ្ឋឆែក ចាប់តាំងពីឆ្នាំ២០០៩ មកទល់បច្ចុប្បន្ននេះ។

កិច្ចជំនួប និងសំណេះសំណាលនាវេលានេះ បន្តបញ្ជាក់កាន់តែច្បាស់អំពីសក្ខីភាពនៃកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងមន្ទីរពេទ្យកាល់ម៉ែត និងបណ្តាមន្ទីរពេទ្យនៃសាធារណរដ្ឋឆែក ដោយផ្តោតលើទិសដៅអភិវឌ្ឍន៍ឆ្ពោះទៅមាគ៌ាឧត្តមភាព នៃគុណភាព និងប្រសិទ្ធិភាពសេវាថែទាំព្យាបាល តាមរយៈគោលការណ៍សំខាន់ៗ រួមមាន៖ ១.ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាកម្រិតជំនាញជាន់ខ្ពស់ ២.ការបន្ត និងបង្កើនកិច្ចសហការវះកាត់កុមារកម្ពុជា ៣.ការបន្តពង្រីកជាបន្តបន្ទាប់ និងជាដំណាក់កាលៗ នៃជំនាញវេជ្ជសាស្ត្រផ្សេងៗដែលមាននៅសាធារណរដ្ឋឆែក៕