(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអង្ករក្រអូបផ្កាម្លិះចំនួន ៤៤០តោន ដែលជាអំណោយរបស់រដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ីនៃប្រទេសចិន តាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ដែលវេចខ្ចប់អង្ករដោយក្រុមហ៊ុនហ្គូហុង (GUOHONG) នៅកម្ពុជា។

ក្នុងពិធីទទួលអំណោយនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូនៃក្រុមហ៊ុនហ្គូហុង ដឹកនាំដោយ លោក សុង យុងហ្សុន (SONG Yongzhong) ប្រធានគ្រប់គ្រងទូទៅដែលបានវេចខ្ចប់ និងនាំយកអង្ករជាអំណោយ របស់រដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន មកជូនរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានប្រគល់អំណោយនេះជូនមកកាកបាទក្រហមកម្ពុជា។

លោកស្រី អគ្គលេខាធិការក៏បានគូសបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា នឹងអនុវត្តតាមការណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីនាំយកអង្ករទាំងនេះ ទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងខ្លាំងបំផុត រួមមាន ចាស់ជរាគ្មានទីពឹង គ្រួសារមានជំងឺរ៉ាំរ៉ៃ គ្រួសារស្រី្តមេម៉ាយមានកូនច្រើន គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារជនពិការ។ល។ និង ។ល។ ឱ្យបានទាន់ពេលវេលា ទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយដោយប្រការផ្សេងៗ ។

ទន្ទឹមនឹងនោះ​ លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលតែងតែជាមិត្តដ៏ល្អរបស់ព្រះរាជាណាចក្រកម្ពុជានៅគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ លោក សុង យុងហ្សុន តំណាងឱ្យរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន និងប្រជាជនចិនក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យរដ្ឋាភិបាល និងប្រជាជនចិនចូលរួមចំណែកការងារមនុស្សធម៌មួយផ្នែកតាមរយៈ កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ក្នុងនាមតំណាងឱ្យ រដ្ឋាភិបាល និងប្រជាជនចិន លោក សុង យុងហ្សុន បានប្តេជ្ញាបន្តពង្រឹងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត និងរឹងមាំយូរអង្វែងថែមទៀត ជាពិសេស បន្ថែមការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិនពីត្រឹមជាងពាន់តោនក្នុងឆ្នាំ ២០១២ រហូតដល់ ៣០ម៉ឺនតោន ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ។

សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលកាកបាទក្រហមកម្ពុជា បានទទួលអំណោយអង្ករពីរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ីនៃប្រទេសចិន ដែលផ្ដល់ជូនតាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានវេចខ្ចប់ដោយក្រុមហ៊ុនហ្គូហុង (GUOHONG) នៅក្នុងប្រទេសកម្ពុជា៕