(កំពង់ចាម)៖ ​ជនសង្ស័យ៧នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានឃាត់ខ្លួនរួមជាមួយថ្នាំញៀន១៤កញ្ចប់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជាប់ព្រំប្រទល់ភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រៃប្រសព្វ​ ដោយ​កម្លាំង​ជំនាញ ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃប្រសព្វ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល​ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះថា ​ជនសង្ស័យដែលឃាត់ខ្លួនបាន ដោយ​ដោយប្រើវិធានញុះញង់នោះរួមមាន ទី១៖ ឈ្មោះ តឹក ដារ៉ា ​អាយុ២៣ឆ្នាំ, ទី២៖ ឈ្មោះ ស៊ិន ចិន្ថា ​​អាយុ២១ឆ្នាំ, ទី៣៖ ឈ្មោះ ប៉ោង វិវ៉ាត់ អាយុ១៧ឆ្នាំ, ទី៤៖ ឈ្មោះ សយ ពៅ អាយុ២២ឆ្នាំ, ទី៥៖ ឈ្មោះ ខុម ឌីណា​ អាយុ២២ឆ្នាំ, ទី៦៖ ឈ្មោះ រុន ម៉េងហ៊ួរ ​អាយុ២៣ឆ្នាំ, ទី៧៖ ឈ្មោះ លីន វុទ្ធី ​អាយុ៣៥ឆ្នាំ។

បើតាមលោកស្នងការ ការឃាត់ខ្លូនជនសង្ស័យទាំង៧នាក់នេះ ដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន​១៤កញ្ចប់, ទូរស័ព្ទដៃ​​០៨គ្រឿង, ម៉ូតូ០៥គ្រឿង ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងប្រាក់រៀលមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕