(មីយ៉ាន់ម៉ា)៖ អ្នកសារព័ត៌មាន​នៃទីភ្នាក់ងារ​ព័ត៌មាន Reuters ពីរនាក់​ត្រូវបាន​អាជ្ញាធរមីយ៉ាន់ម៉ា​ចាប់ឃុំខ្លួន ក្រោយ​មានសេចក្ដីរាយការណ៍​ថា អ្នកទំាងពីរ​បានបាត់ខ្លួន នៅថ្ងៃអង្គារ​សប្ដាហ៍នេះ។ នេះបើតាមសម្តីមន្ត្រី​រដ្ឋាភិបាលមីយ៉ាន់ម៉ា ដកស្រង់​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ បើតាម Reuters មកទល់នឹង​ពេលនេះ គេមិនទាន់​ប្រាកដថា ហេតុអ្វីបានជា​អ្នកសារព័ត៌មាន​របស់ខ្លួន​ ឈ្មោះ វ៉ា ឡូណេ (Wa Lone) និង ក្យរ ស៊ឺ អូ (Kyaw Soe Oo) ត្រូវបាន​ចាប់ខ្លួននៅ​ឡើយទេ។ «យើងកំពុងស្វែង​រកព័ត៌មានបន្ថែម​ ពាក់ព័ន្ធនឹងមូល​ហេតុចាប់ខ្លួន និងស្ថានភាព​បច្ចុប្បន្ន​របស់ពួកគេ»។ នេះជាការឡើង​របស់ទីភ្នាក់ងារ Reuters នៅក្នុងបរិបទ​ដែលគេមើលឃើញថា រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងគាប​សង្កត់លើសេរីភាព​សារព័ត៌មាន ជាពិសេសទាក់​ទិននឹង​សេចក្ដីរាយការណ៍​ ស្ដីពីអំណាច​យោធា និងវិបត្តិជន​ជាតិរ៉ូហ៊ីងយ៉ា​ នៅក្នុងរដ្ឋ Rakhine។

មួយវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក អ្នកសារព័ត៌មាន Reuters ទាំងពីរនាក់ ត្រូវបានចាប់ខ្លួន​នៅឯជាយ​ទីក្រុងរ៉ង់ហ្គូន បន្ទាប់ពីត្រូវ​បានអាជ្ញាធរ​រកឃើញថា មានកាន់កាប់​របាយការណ៍​យោធា និងផែនទីតំបន់មួយ​កន្លែងក្នុង​រដ្ឋ Rakhine ​ស្ថិតនៅភាគ​ខាងជើង​នៃប្រទេស ហើយដែល​ទោសល្មើសនេះ អាចឱ្យអ្នកទាំងពីរ​ប្រឈមមុខ​ ជាប់ពន្ធនាគារ ១៤ឆ្នាំ។

គួរបញ្ជាក់ថា ស្ថានទូតអាមេរិក​ប្រចាំប្រទេស​មីយ៉ាន់ម៉ា បានចេញសេចក្ដីថ្លែងការណ៍​មួយ ដោយសម្ដែងក្ដី​ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួន​អ្នកសារព័ត៌មាន​ទាំងពីរនាក់នេះ។ ប៉ុន្តែបើគេ​ចាំមិនភ្លេចទេ សហរដ្ឋអាមេរិក​ខ្លួនឯង គឺជាអ្នកសរសើរ​មិនដាច់ពីមាត់​ ពីការវិវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ និងសេរីភាព​សារព័ត៌មាន នៅក្នុងប្រទេស​មីយ៉ាន់ម៉ា ក្រោមការដឹកនាំ​ដោយ រដ្ឋាភិបាលនៃ​ជ័យលាភីពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី អោងសាន ស៊ូជី៕  ​