(ភ្នំពេញ)៖ ក្នុងថ្ងៃខួប២៥ឆ្នាំនៃការដាក់បញ្ចូលប្រាសាទអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ២០១៧-១៤ ធ្នូ ១៩៩២) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានសម្តែងអំណរសាទរយ៉ាងក្លៀវក្លា ចំពោះអច្ឆរិយសម្បត្តិរបស់កម្ពុជា ដែលត្រូវបានក្លាយជាសម្បត្តិរបស់ពិភពលោកនេះ។

ក្នុងសារលិខិតចូលរួមអបអរសាទរនេះ លោកឯកអគ្គរាជទូតជប៉ុន បានថ្លែងរំលឹកថា កាលពី២៥ឆ្នាំមុន ប្រាសាទអង្គរបានស្ថិតនៅក្នុងវិបត្តិ និងគ្រោះថ្នាក់ដួលរលំយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវតែថែរក្សាប្រាសាទដ៏អស្ចារ្យ និងជានិមិត្តរូបនៃប្រជាជនកម្ពុជា ដើម្បីស្តារប្រទេសឡើងវិញ។

លោកឯកអគ្គរាជទូតបន្តរំលឹកទៀតថា ដោយមើលឃើញបីសារៈនៃការស្តារឡើងវិញនៃប្រាសាទអង្គរ រដ្ឋាភិបាលជប៉ុនបានរៀបចំសន្និសីទអន្តររដ្ឋាភិបាលស្តីពីការការពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរជាលើកដំបូងនៅទីក្រុងតូក្យូនាឆ្នាំ១៩៩៣ ដោយរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្សព្វផ្សាយជាបន្ទាន់នូវតម្រូវការចាំបាច់នៃកិច្ចគាំពារប្រាសាទអង្គរទៅដល់ប្រជាជនទូទាំងពិភពលោក។

«ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ប្រជាជន និងស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជារួមទាំងកិច្ចសហប្រតិបត្តិការរបស់ភាគីអន្តរជាតិ ក្នុងនោះមានជប៉ុនផង ប្រសាទអង្គរត្រូវបានថែរក្សាប្រកបដោយសោភណភាព ដូច្នេះទើបយើងអាចរីករាយទស្សនាសម្រស់ប្រាសាទអង្គរបានមកដល់សព្វថ្ងៃ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ។

ទន្ទឹមនឹងការអបអរសាទរ លោកឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងការគោរពចំពោះប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកថែរក្សា និងស្តារឡើងវិញនូវប្រសាទអង្គរវត្តក្នុងរយៈពេល ២៥ឆ្នាំមកនេះ។

ដើម្បីរក្សាឲ្យប្រសាទអង្គរដ៏ល្បាញល្បីរបស់កម្ពុជាឲ្យស្ថិតស្ថេរជានិរន្ត លោកឯករាជទូតជប៉ុន បានក្រើនរំលឹកថា ត្រូវតែរួមគ្នាបន្តដោះស្រាយនូវបញ្ហាដែលមានពីមុនមក ដូចជាការដួលរលំនៃប្រាសាទ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនេះ ដែលបណ្តាលមកពីកត្តាផ្សេងៗដូចជា ការកើនឡើងនៃចំនួនភ្ញៀវទេសចរមកទស្សនាតំបន់ប្រាសាទអង្គរ។

លោកឯកអគ្គរាជទូត ក៏បានប្រកាសដែរថា ជប៉ុន នៅតែបន្តសហការជាមួយប្រជាជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត តាមរយៈគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ក្នុងនាមជាសហប្រធាន ដើម្បីអភិរក្ស ជួសជុល និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។

លោកឯកអគ្គរាជទូត បានសង្ឃឹមថា ប្រាសាទអង្គរដែលជាកេរ្តិ៍ដំណែលដ៏យូរលង់ជាប្រវត្តិសាស្រ្ត នឹងត្រូវបន្តការគាំពារដល់កូនចៅជំនាន់ក្រោយទាំងនៅកម្ពុជា ក៏ដូចជាលើពិភពលោក៕