(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ​បានលើកឡើងថា ដើម្បីឲ្យសក្តិសមជាក្រុង​ទេសចរណ៍ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ អាជ្ញាធរខេត្តត្រូវធ្វើការកែលម្អសោភ័ណភាពក្រុង លើហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវ ថ្នល់ និង​ដាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈថែមទៀត។

ម៉្យាងទៀតដើម្បីឲ្យកាន់តែមានភាពប្រសើរ ឡើងនៅតាមទីប្រជុំជន​សំខាន់ទីផ្សារលើធំថ្មី អាជ្ញាធរខេត្តក៏តែងគិតគូរបញ្ហាសន្តិសុខ សុវត្ថិភាព សោភ័ណភាព បរិស្ថានអនាម័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈទំាងក្នុងផ្សារ និងក្រៅបរិវេណផ្សារទំាងអស់ នៅក្នុងខេត្តសៀមរាប ដោយបានបង្កើត គណៈកម្មាធិការ គ្រប់គ្រងផ្សារថ្នាក់ខេត្ត ក្រុង ស្រុកទៀតផង​។

ការលើកឡើងបែបនេះក្នុងឱកាស លោកអភិបាលខេត្ត បានអញ្ជើញជាអធិបតី​ក្នុងពិធីបើកកា​រដ្ឋានតភ្ជាប់បណ្តាញអគ្គិសនី របស់រដ្ឋចូលផ្សារលើធំថ្មី នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។

អភិបាលខេត្តសៀមរាប បន្ថែមថា សម្រាប់ផ្សារលើធំថ្មីនេះ អាជ្ញាធរខេត្តក៏បានណែនាំដល់រដ្ឋបាល ក្រុង សង្កាត់ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ សហការគ្នារៀបចំកែលម្អចំណុចខ្វះខាតផ្សេងៗ នៅក្នុងផ្សារ ជុំវិញបរិវេណផ្សារ ធ្វើយ៉ាងណាឲ្យមានសោភ័ណភាព សន្តិសុខ បរិស្ថានអនាម័យ និង របៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ និងការបញ្ជៀសនូវហានិភ័យកើតឡើងជាយថាហេតុ។

ជាពិសេស​ឲ្យសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ អាចធ្វើដំណើរចូលទស្សនាកម្សាន្ត និងអាចទិញរបស់របរនៅក្នុងផ្សារ ក៏ដូចជាការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត ទីក្រុងទេសចរណ៍អាស៊ាន ស្អាត និង​ផ្សារស្អាត របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ផងដែរ​។

លោកអភិបាលខេត្ត ​ក៏បានលើកឡើង អំពីសំណូមពររបស់បងប្អូនអាជីវករ ក្នុងការសុំធ្វើប័ណ្ណកម្មសិទ្ធិ តូបរបស់ខ្លួនក្នុងផ្សារ​រាជរដ្ឋា​ភិបាល តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និង​អាជីវករដែលបានកំពុងប្រកបការលក់ដូរ ដោយ​​មានសិទ្ធិគ្រប់គ្រងកាន់កាប់តូបលក់ដូរ តកូនតចៅបាន តែការផ្តល់ប័ណ្ណកម្មសិទ្ធិ គឺមិនអាចធ្វើជូនបាន​ឡើយ ពីព្រោះជាទ្រព្យសម្បត្តិរបស់រដ្ឋ​។

ក្នុងនោះដែរ លោកក៏បានដាក់នូវវិធានការមួយចំនួន ចំពោះអាជ្ញាធរក្រុង គណៈកម្មការផ្សារ ធ្វើយ៉ាងណារៀបចំស្តង់លក់​ឲ្យ​ត្រូវតាមមុខរបរ មិនឲ្យមានការឡុកឡំគ្នា ដូចសព្វថ្ងៃនេះឡើយ ព្រមទាំងកំណត់ទីតាំងឲ្យបងប្អូនអ្នកលក់តាម កញ្ច្រែង ដោយមិនទាផាស៊ីពួកគាត់ឡើយហើយកត្តាសំខាន់ គឺបរិស្ថានក្នុងផ្សារផងដែរ ។

ម៉្យាងទៀតចំពោះ សមត្ថកិច្ចសណ្តាប់ធ្នាប់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះទីចំណតសាធារណៈ ដែលតែងធ្វើឲ្យប៉ះពាល់ដល់ការ ធ្វើចរាចរណ៍ឆ្លងកាត់ មានការកកស្ទះដោយការចតគ្មានសណ្តាប់ធ្នាប់នៅមុខផ្សារលើធំថ្មីនេះ​។

សូមជម្រាបថា នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង បានចុះពិនិត្យមើលផ្លូវបេតុង ដែលកំពុងសាងសង់ថ្មី នៅក្នុងភូមិវត្តបូរព៌ និងភូមិបន្ទាយចាស់ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ ផ្លូវបេតុងនេះមានទទឹង ៦ម៉ែត្រ និងប្រវែង១៦៨០ម៉ែត្រ ជាគម្រោងអភិវឌ្ឍរបស់រដ្ឋបាលខេត្តសៀមរាប៕