(ភ្នំពេញ)៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានស្នើទៅ លោក Dana Rohrabacher សមាជិក​សភាអាមេរិក ដែលមានវោហាសាស្រ្តខ្លាំងក្នុងវេទិកាមួយកាលពីថ្ងៃអង្គារនោះ ឱ្យទៅបបួលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក លាលែងពីតំណែង ជាមុនសិន មុននឹងមកបបួលសម្តេចតេជោ ហ៊ុន សែន ស្បថលាលែងពីតំណែង។

ប្រតិកម្មនេះ ​បានធ្វើឡើងបន្ទាប់ពី លោក Dana Rohrabacher សមាជិកសភា​រដ្ឋ California សហរដ្ឋអាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ ​បាននិយាយនៅក្នុង​សវនាការ​មួយ នៅ​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ២០១៧ កន្លងទៅដោយជំរុញឱ្យសម្តេចតេជោ ​ហ៊ុន សែន ​ចុះចេញ​ពីអំណាច​។ ជាមួយគ្នានេះ លោក Dana Rohrabacher ក៏បានលើកឡើងទៀតថា តើ​គួរ​មានវិធី​ជា​ថ្នូរ​ឱ្យ​សម្តេចតេជោ ហ៊ុន សែន​ ចុះចេញ​ពី​អំណាច​ ហើយ​មិន​កាត់ទោស​គាត់​ និង​មិន​រឹបអូស​ទ្រព្យ​សម្បត្តិ​គាត់​ទេ​ បើ​គាត់​ព្រម​កែ​កុន​ស្ថានការណ៍​ប្រជាធិបតេយ្យ។​

លោក សុខ ឥសាន បានចាត់ទុកការស្នើឱ្យនាយករដ្ឋមន្រ្តីកម្ពុជា ចុះចេញពីតំណែងបែបនេះ គឺជាការរំលោភលើឆន្ទៈរបស់ប្រជាពលរដ្ឋរាប់លាននាក់ផងដែរ។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «សំណើរបស់លោកព្រឹទ្ធសមាជិក Dana Rohrabacher បបួលសម្តេចតេជោ ហ៊ុន សែន លាលែងពីតំណែងនោះ គឺជាការរំលោភឆន្ទៈរបស់ប្រជាជននៃប្រទេសកម្ពុជាយ៉ាងច្បាស់ក្រឡែត ហើយក៏ជាការដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យផងដែរ។ ប៉ុន្តែមិនអីទេ រឿងនេះ ទុកមួយឡែកសិនចុះ។ ជាដំបូងសូមលោកព្រឹទ្ធសមាជិករូបនេះ ទៅបបួលលោកប្រធានាធិបតី ដូណាល់ ត្រាំ សិនទៅ។ បើលោកប្រធានាធិបតី យល់ព្រម ទើបចាំមកបបួលសម្តេចតេជោ ជាក្រោយក៏បានដែរ ក៏មិនទាន់ហួសពេលទេ»

លោក សុខ ឥសាន បានហៅការលើកឡើងរបស់សមាជិកសភាអាមេរិកថា ជាការកាន់ជើងអាយ៉ងរបស់ខ្លួន ទើបលោកហ៊ានរំលោភច្បាប់ និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដើម្បីលុបលាងមុខមាត់ដ៏ក្រខ្វក់របស់ខ្លួន៕