(រតនគិរី)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន ៥ ឱ្យប្រើប្រាស់ជាផ្លូវការ ជូនប្រជាពលរដ្ឋចំនួន ១២៧ គ្រួសារ ស្មើនឹង ៦៣៣ នាក់ ដែលពិធីនេះប្រព្រឹត្តទៅ នៅភូមិបី ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

មានប្រសាសន៍នាឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងមានប្រសាសន៍ផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីនោះ សូមថែរក្សាសុខភាពឱ្យបានល្អប្រសើរ ជាពិសេសត្រូវពិសារទឹកឆ្អិនជាប្រចាំ។ មួយវិញទៀត សូមចូលរួមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង់យូអង្វែង។ ជាងនេះទៅទៀត ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ជាពិសេសការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

ប្រជាពលរដ្ឋដែលចូលរួមក្នុងឱកាសនោះ ស្ត្រីម្នាក់ៗទទួលបាន សារុង១ និងបុរសៗ ទទួលបាន ក្រមា១។ ក្រោយពីទទួលបានសមិទ្ធផលនេះ ប្រជាពលរដ្ឋមានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា បានផ្ដល់ជូនអណ្ដូងទឹកស្អាតចំនួន ២៦៧ អណ្ដូង ដល់ប្រជាពលរដ្ឋនៅតាមជនបទ ក្នុងខេត្តចំនួន ៩ ដែលក្នុងនោះខេត្តរតនគិរី ទទួលបាន ៣៤ អណ្ដូង សម្រាប់ប្រជាពលរដ្ឋចំនួន ៨៥២ គ្រួសារ ស្មើនឹង ៤៣២២ នាក់៕