(ស្វាយរៀង)៖ ផ្ទះ២០០ខ្នងស្ថិតនៅទល់ដែនខ្មែរ-វៀតណាម ក្នុងខេត្តស្វាយរៀង ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ។ អំណោយលំនៅស្ថានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទ្រនំដ៏កក់ក្តៅនេះ បានធ្វើឲ្យអតីតយុទ្ធជន និងគ្រួសារ បានទទួលយកជាមួយក្តីរីករាយយ៉ាងខ្លាំង។

ពិធីប្រគល់ផ្ទះនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។

គ្រួសារអតីតយុទ្ធជនដែលទទួលបានលំនៅស្ថាននាព្រឹកនេះរួមមាន៖ គ្រួសារយោធិន ២៧គ្រួសារ, គ្រសារនគរបាល ៣៦គ្រួសារ, គ្រួសារកងរាជអាវុធហត្ថ ៦គ្រួសារ, គ្រួសារបាត់បង់សមត្ថភាព ៣គ្រួសារ, គ្រួសារមរណៈ ៨គ្រួសារ, គ្រួសារពលី ២១គ្រួសារ, គ្រួសារពិការ ៧១គ្រួសារ និងគ្រួសារនិវត្តន៍ជន ២៨គ្រួសារ។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ផ្ទះដែលប្រគល់ជូនគ្រួសារអតីតយុទ្ធជននាព្រឹកនេះមានទំហំ ៦.៥០ម៉ែត្រ គុណ ៧.៣ម៉ែត្រ ជាមួយដីទំហំ ៤០ម៉ែត្រ គុណ ៥០ម៉ែត្រ។

មេទ័ពដែលតែងតែបានចុះផ្ទាល់ជាមួយកងទ័ព និងអតីតយុទ្ធជននាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ហើយលំនៅស្ថានជាច្រើនខ្នងត្រូវបានសម្តេចសម្រេចសាងសង់ជូនក្រុមគ្រួសារអតីតយុទ្ធជន ដើម្បីជាជម្រកដ៏កក់ក្តៅសម្រាប់បងប្អូនអតីតយុទ្ធជន។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនមានចំនួនសរុប ៨៣០ខ្នងហើយ។

ជួសមុខឲ្យក្រុមគ្រួសារអតីតយុទ្ធជននាយឧត្តមសេនីយ៍ គន់ គីម បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន ដែលជាបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ។ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែងអំណរគុណដល់ទេសរដ្ឋមន្ត្រី ជា សុផារ៉ា សេនាធិការរបស់រាជរដ្ឋាភិបាលដែលតែងជំរុញសាងសង់លំនៅស្ថានជូនក្រុមគ្រួសារអតីតយុទ្ធជន និងបានចុះប្រគល់លំនៅស្ថានជូនអតីតយុទ្ធជនដោយផ្ទាល់ថែមទៀត។

ដើម្បីជំរុញការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែនរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងដាក់ចេញគោលនយោយបាយផ្តល់ដីសម្បទានសង្គមកិច្ចនៅតាមព្រំដែនជូនដល់កងទ័ព និងក្រុមគ្រួសារអតីតយុទ្ធជន។

សាធារណជនបានសម្តែងការសាទរជាខ្លាំងចំពោះការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ និងការផ្តល់ដីសង្គមកិច្ចតាមបន្ទាត់ព្រំដែន ដូចជាការផ្តល់លំនៅស្ថានជូនក្រុមគ្រួសារអតីតយុទ្ធជននៅព្រំដែនខ្មែរ-វៀតណាម ក្នុងខេត្តស្វាយរៀងនេះ មិនត្រឹមតែជាការផ្តល់ជម្រកសម្រាប់អតីតយុទ្ធជន តែក៏ជាការចូលរួមចំណែកសម្រាប់ការអភិវឌ្ឍតាមបន្ទាត់ព្រំដែន ហើយក៏ជាឃឿនការពារទឹកដីនៅព្រំដែនផងដែរ៕