(សៀមរាប)៖ អ្នកស្រាវជ្រាវអន្តរជាតិជាច្រើនរូប នៅលើពិភពលោក បានមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសាធារណជនស្តីពីប្រវត្តិសាស្ត្រ និងបច្ចេកទេសសំយោគលោហៈ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីលោក ហង់ ពៅ អគ្គនាយករងតំណាង លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិជាច្រើនរូប មកពីប្រទេសបារាំង អង់គ្លេស សហរដ្ឋអាមេរិក បែលហ្សិក និងលុច្សសាំបួរ អាហ្សង់ទីន ធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវលោហធាតុ ដែលបានរកឃើញកន្លងមកទាំងនៅកម្ពុជា និងបណ្តាប្រទេសផ្សេងៗ ចែករំលែកដល់អ្នកសិក្សាជាតិ-អន្តរជាតិជាច្រើនរូប។

លោក Brice Vincent អ្នកទទួលខុសត្រូវគម្រោង Fondre pour le roi បានឱ្យដឹងថា គោលបំណងនៃបទបង្ហាញនេះ គឺដើម្បីប្រមូលផ្តុំនូវរបៀបសិក្សាអំពីលោហធាតុ ហើយជាសិក្ខាសាលាលើកទី៣ នៃគម្រោងនេះ ដែលលើកទី១ ធ្វើនៅអាមេរិក លើកទី២ នៅបារាំង និងលើកទី៣ នៅកម្ពុជា។

លោកបន្តទៀតថា ក្នុងសិក្ខាសាលានេះបានសុំឱ្យអ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកបុរាណវិទ្យា ផ្នែកស្ថាបត្យកម្ម មកជួបជុំគ្នានិយាយអំពីរូបមន្ត នៃការផលិតលោហធាតុ ក្នុងប្រទេសផ្សេងគ្នា សម័យកាល ដោយឡែកពីគ្នា ហើយរួមគ្នាជាគំនិតមួយ ដើម្បីសិក្សាអំពីការផលិតលោហធាតុសម័យបុរាណ។

តាមរយៈគម្រោងនេះ លោហធាតុដែលស្រាវជ្រាវបានពីកម្ពុជា ពីបារាំង និងអាមេរិកជាដើម នឹងត្រូវយកទៅសិក្សាចងក្រងជាឯកសារផ្សព្វផ្សាយតាមគេហទំព័រ និងបោះពុម្ពផ្សព្វផ្សាយ ដើម្បីអាចឱ្យអ្នកស្រាវជ្រាវ អ្នកអភិរក្ស អ្នកបុរាណវិទ្យា និងនិស្សិតបានរៀនសូត្រ និងយល់ដឹងពីរបៀបអភិរក្សលោហធាតុ។

ជាមួយគ្នានោះ លោក ហង់ ពៅ​ បានសម្តែងនូវការគាំទ្រចំពោះបទបង្ហាញដ៏មានសារៈសំខាន់នេះ ដែលមានអ្នកជំនាញស្រាវជ្រាវអន្តរជាតិល្បីៗលើពិភពលោក មកចែករំលែកបទ ពិសោធន៍ ចំណេះដឹងរបស់ខ្លួនអំពីការស្រាវជ្រាវទាក់ទងនឹងលោហធាតុ ហើយក៏បានពន្យល់អំពីរបៀបការពារ ថែរក្សា និងរបៀបនៃការសិក្សាអំពីលោហធាតុផងដែរ។

លោកបានបញ្ចាក់បន្ថែមថា នេះជាឱកាសដ៏ល្អសម្រាប់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលផ្តល់ឱកាសឱ្យបុគ្គលិកជំនាញបានរៀនសូត្រ យល់ដឹង និងដកស្រង់បទពិសោធន៍ពីអ្នកជំនាញទាំងនោះ ហើយនៅថ្ងៃក្រោយអាចបន្តការសិក្សាស្រាវជ្រាវ ការពារ អភិរក្សលោហធាតុដោយខ្លួនឯងបាន ព្រោះយើងមានវត្ថុសិល្បៈមួយផ្នែកធំនៅវត្តរាជបូព៌ ការរកឃើញកន្លែងស្លលោហធាតុនៅអតីតបរមរាជវាំងនៅអង្គរធំ ឧដុង្គ កំពង់ធំ និងខ្វាវ ដែលត្រូវការអ្នកជំនាញសិក្សាស្រាវជ្រាវនិងមើលថែ៕