(ភ្នំពេញ)៖ ក្នុងពិធីបិទ «វេទិកាអ្នកសារព័ត៌មាននិងអ្នកនាំពាក្យ» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើអ្នកសារព័ត៌មានទាំងអស់ ​កុំផ្ចាញ់ផ្ចាលអ្នកនាំពាក្យ ហើយត្រូវយល់ថា អ្នកសារព័ត៌មាន និងអ្នកនាំពាក្យប្រៀបដូចផ្នែកសំខាន់នៅក្នុងរាងកាយតែមួយ មិនអាចបាត់មួយបាននោះទេ។​

លោករដ្ឋមន្ដ្រី ក៏បានស្នើទៅកាន់អ្នកនាំពាក្យដូចគ្នា ត្រូវក្ដោបព្រឹត្តិការណ៍ឲ្យជុំ ដើម្បីបេសកម្មក្នុងនាមជាមន្រ្តី​ផ្តល់ព័ត៌មាន ដល់សារធាណៈជន តាមរយៈសារព័ត៌មាន​ឲ្យបានច្បាស់ផងដែរ ហើយអ្នកនាំពាក្យដឹងមិនច្បាស់សូមកុំជំនះឆ្លើយតបជាមួយអ្នកសារព័ត៌មាន។

បើតាមលោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ​បើទោះបីជាគ្មានសាលាដើម្បីបង្រៀនអ្នកនាំពាក្យក៏ពិតមែន ប៉ុន្តែអ្នកនាំពាក្យត្រូវបានជ្រើសរើសចេញពី សាលាបណ្ដុះបណ្ដាល សារព័ត៌មាន (DMC)។  

ឆ្លៀតក្នុងឱកាសនោះដែរ ប្រមុខដឹកនាំក្រសួងព័ត៌មានរូបនេះ ក៏បានបង្ហាញនូវគោលបំណង​ចង់ឲ្យមានពិធីជួបជុំអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ព្រោះក្រុមអ្នកទាំងពីរប្រភេទនេះ គឺមានសារៈសំខាន់ដូចគ្នា ព្រោះបុគ្គលសំខាន់ទាំងពីរប្រភេទនេះ គឺ​ត្រូវស្វែងយល់ពីគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានថ្លែងអំណរគុណដល់ ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវេទិកាដោយលោកបានលើកឡើងអំពី ការផ្លាស់ប្តូរមតិយោបល់ដែលអ្នកនាំពាក្យ​ អ្នកសារព័ត៌មានថា ​កន្លងមកអ្នកនាំពាក្យ និងអ្នកយកព័ត៌មានខ្លះ​យល់ច្រឡំថា មានការកេងចំណេញគ្នាក្នុងការផ្សព្វផ្សាយ អ្នកនាំពាក្យត្រូវផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយគោរពវិជ្ជាជីវៈរបស់ខ្លួន។ លោកបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះ អ្នកសារព័ត៌មាន បានលើកឡើងអំពីការរើសអើងរបស់អ្នកនាំពាក្យខ្លះ ជាមួយស្ថាប័នព័ត៌មាន ធំឬតូច ហើយថា អ្នកនាំពាក្យមួយចំនួន មិនសូវសហការណ៍ផ្តល់ព័ត៌មាន និងត្រូវដឹងពីអ្វីដែលអ្នកព័ត៌មានចង់បាន​។

លោកប្រធាន ស.ស.ស.ក បានគូសបញ្ជាក់ថា ក្រសួងស្ថាប័នមួយចំនួន នៅខ្វះអ្នកនាំពាក្យនៅឡើយ និងសូមឲ្យអ្នកនាំពាក្យយោគយល់ ដល់អ្នកព័ត៌មានចំពោះការផ្តល់បទសម្ភាសន៍ និងពេលវេលាផ្សាយរបស់ស្ថាប័នព័ត៌មាន។ លោកបញ្ជាក់ថា នៅក្នុងវេទិកានេះ អ្នកចូលរួមក៏បានសំណូមពរ ឲ្យអ្នកសារព័តមាន និងអ្នកនាំពាក្យ មានការគោរពគ្នាទៅវិញទៅមក និងសិក្សាលទ្ធភាពបង្កើតការបណ្តុះបណ្តាលអ្នកនាំពាក្យ និងចងក្រងឯកងសារ សម្រាប់អ្នកនាំពាក្យ។

សូមបញ្ជាក់ថា វេទិកាដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ ស.ស.ស.ក ក្នុងរាជធានីភ្នំពេញ​ ដោយមានការអញ្ជើញ ពីស្ថាប័នផ្សេងៗចំនួន៦៤ស្ថាប័ន និងអ្នកសារព័ត៌មាន ប្រមាណ​១០០នាក់​ផងដែរ៕