(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS បាននាំយកថវិកាប្រមាណ ៩លានរៀល ជូនដល់ក្រុមគ្រួសារសពនិស្សិតរបស់ខ្លួន ពីររូប ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរ ដើម្បីជាការចូលរួមចំណែកសម្រាលបន្ទុកខ្វះខាតរបស់គ្រួសារសព។

ថវិកាកើតចេញពីទឹកចិត្តសប្បុរសរបស់សាកលវិទ្យាធិការលោកបណ្ឌិត ស្តើង សុខុម ត្រូវបានលោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរងសាកលវិទ្យាល័យយកទៅប្រគល់ដល់ដៃក្រុមគ្រួសារសពនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

និស្សិតទាំងពីររូបដែលបានទទួលមរណភាពនេះរួមមាន៖ លោក សែត សុឃា និស្សិតឆ្នាំទី៤ ជំនាន់ទី១៤ ឯកទេសគណិតវិទ្យា និងកញ្ញា សែត ពៅ និស្សិតឆ្នាំទី២ ជំនាន់ទី១៦ ឯកទេស ហិរញ្ញវត្ថុ និងធនាគារ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ដោយគ្រោះថ្នាក់ចរាចរណ៍។

ជំនួសមុខឲ្យគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង និងជាតំណាងលោកបណ្ឌិត ស្តើង សុខុម បានគូសបញ្ជាក់ថា មរណភាពរបស់លោក សែត សុឃា និងកញ្ញា សែត ពៅ គឺជាការបាត់បង់នូវកុលបុត្រ និងកុលធីតាជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងដោយក្តីស្រឡាញ់ជាទីបំផុតរបស់ក្រុមគ្រួសារនៃសព ហើយក៏ជាការបាត់បង់នូវបញ្ញវន្តពីររូបដែលកន្លងមកធ្លាប់បានរួមចំណែកយ៉ាងសកម្មក្នុងសាកលវិទ្យាល័យ និងសង្គមជាតិ។

លោកសាកលវិទ្យាធិការរងបន្តថា និស្សិតទាំងពីររូប គឺជានិស្សិតដែលមានការស្រឡាញ់រាប់អានពីមិត្តភក្តិរួមជំនាន់ ពីសំណាក់សាស្រ្តាចារ្យ និងបុគ្គលិកនាពេលកន្លងមក ពិសេសជាងនេះទៅទៀត ជានិស្សិតដែលខិតខំព្យាយាមរៀនសូត្រគោរពវិន័យរបស់សាកលវិទ្យាល័យបានយ៉ាងខ្ជាប់ខ្ជួនដែលជាក្តីសង្ឈឹមរបស់សាកលវិទ្យាល័យ ក្រុមគ្រួសារក៏ដូចជាសង្គមជាតិទៅថ្ងៃអនាគត តែជាអកុសលនិស្សិតទាំងពីរបានលាចាកលោកទាំងវ័យក្មេងដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានការសោកស្តាយ អាឡោះអាល័យជាទីបំផុត។

ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ សារលិខិតរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ បានបញ្ជាក់បន្ថែមទៀតថា «តាងនាមគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីស្រណោះនិងការអាឡោះអាល័យជាមួយលោកឪពុក អ្នកម្តាយនិងក្រុមគ្រួសាររបស់សពនិស្សិត សែត សុឃា និង សែត ពៅ ដោយសេចក្ដីសង្វេគជាទីបំផុត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធនិស្សិត សែត សុឃា និង សែត ពៅ បានសោយសុខ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕