(ភ្នំពេញ)៖ កញ្ញា កឹម សម្មាធីតា កូនស្រីម្នាក់ទៀតរបស់លោក កឹម សុខា រួមទាំងមនុស្សជំនិត លោក កឹម សុខា​​​​ មួយចំនួនទៀត បានប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះការលើកឡើងរបស់លោក សម រង្ស៉ី កាលពីម្សិលមិញ ដែលបានចាត់ទុកថា ការប្រកាសជំហររបស់លោក កឹម សុខា ក្នុងការមិនគាំទ្រ និងចូលរួមជាមួយនឹង «ចលនាសង្រ្គោះជាតិ»​ គឺធ្វើឡើង ដោយការភ័យខ្លាច។

នៅលើទំព័រ Facebook របស់ កញ្ញា កឹម សម្មាធីតា ដែលបង្ហោះកាលពីយប់មិញនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងខ្ញុំសូមបញ្ជាក់ថា រាល់ការសម្រេចចិត្តរបស់ឪពុកនាងខ្ញុំគឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូបលោកពុំដែលសម្រេចចិត្តអ្វីមួយ ដែលផ្ទុយពីឆន្ទៈលោក ដោយហេតុថាខ្លាចពីសុវត្ថិភាពឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួន ដើម្បីការពារសុវត្ថិភាពខ្លួននោះ លោកក៏មិននៅតស៊ូក្នុងស្រុកទាំងដែលដឹងថាគេមានបំណងចាប់ខ្លួនរូបលោកដែរ»

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង បានប្រកាសជំហររបស់លោកតាមរយៈលោកមេធាវី ផែង ហេង ឱ្យដឹងថា លោកមិនគាំទ្រ និងចូលរួមជាមួយចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី នោះទេ ហើយលោកបញ្ជាក់ប្រាប់សាធារណជនថា លោកនឹងនៅជាមួយប្រជាពលរដ្ឋ ដែលបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិជារៀងរហូត។

ឆ្លើយតបនឹងការប្រកាសជំហរនេះ លោក សម រង្ស៉ី បានបង្ហាញសារប្រតិកម្មភ្លាមៗនៅលើបណ្តាញសង្គម ​Facebook។ លើទំព័រ Facebook ផ្ទាល់ខ្លួន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នោះ លោក សម រង្ស៉ី បានហៅការប្រកាសជំហររបស់ លោក កឹម សុខា បែបនេះថា ធ្វើឡើងដោយការភ័យខ្លាច។

លោក សម រង្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារតែលោកប្រធាន កឹម សុខា ស្ថិតក្នុងកណ្តាប់ដៃលោក ហ៊ុន សែន លោក កឹម សុខា មិនអាចប្រកាសថា លោកគាំទ្រចលនាសង្គ្រោះជាតិបានទេ ពីព្រោះចលនានេះ មានគោលដៅបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត ឆ្នាំ២០១៨នេះ ហើយដណ្តើមយកជ័យជំនះ លើគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន។ បើលោក កឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ច្បាស់ជាលោក ហ៊ុន សែន នឹងធ្វើបាបលោក កឹម សុខា រឹតតែខ្លាំងថែមទៀត»

កញ្ញា កឹម សម្មាធីតា បានចាត់ទុកថា ការលើកឡើងរបស់ លោក សម រង្ស៉ី​ នេះ គឺមានចេតនាបរិហារកេរ្តិ៍ឪពុករបស់នាង។ កញ្ញា បានសំណូមពរយ៉ាងដូច្នេះថា «នាងខ្ញុំសូមសំណូមពរឲ្យបញ្ឈប់នូវការបរិហាកេរ្តិ៍មកលើឪពុកនាងខ្ញុំដោយការប្រើពាក្យថា ការសម្រេចចិត្តរបស់លោកគឺដោយសារលោកខ្លាចពីសុវត្តិភាពរបស់ខ្លួន»

សូមបញ្ជាក់ថា ភាពចម្រូងចម្រាស់នៅក្នុងផ្ទៃក្នុងនៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានកើតឡើងជាបន្តបន្ទាប់ក្រោយពេល លោក សម រង្ស៉ី រួមទាំងបក្ខពួករបស់លោកមួយចំនួនទៀត បង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។ ចលនាថ្មីនេះ ត្រូវបានលោក សម រង្ស៉ី អះអាងថា បង្កើតឡើងដើម្បីចូលរួមស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឱ្យដោះលែង លោក កឹម សុខា រួមទាំងទាមទារឱ្យអតីតគណបក្សសង្រ្គោះជាតិ អាចចូលរួមការបោះឆ្នោតខាងមុខនេះឡើងវិញ។

ក្រុម កឹម​​ សុខា​ និយម បានចាត់ទុកថាចលនានេះនឹងបន្ថែមបន្ទុកទោសដល់ លោក កឹម សុខា ដែលកំពុងជាប់ចោទពាក់ព័ន្ធ នឹងអំពើក្បត់ជាតិនៅកម្ពុជា។ ចំណែកគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ចលនានេះជាក្រុមឧទ្ទាម ដែលច្បាប់មិនអនុញ្ញាតទេ៕