(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បាន​បញ្ជូនខ្លួនសង្ស័យ ដែលវាយសម្លាប់បុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ដែលករណីកំពុងស្ថិតក្នុងដំណាក់កាលរបស់តំណាង​អយ្យការ​។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការនៅព្រឹកនេះ។

សូមជម្រាបថា បុរសវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណ យកដំបងវាយ​សម្លាប់ ហើយអូសយកទៅចោលនៅក្បែររបងអ្នកភូមិ​ បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹមនៅថ្ងៃទី​២០​ ខែ​មករា​ ឆ្នាំ​២០១៨​នេះ ស្ថិតនៅចំណុចផ្លូវលំ​ ភូមិជើងឯក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអំពើឃាតកម្មត្រូវបានសមត្ថកិច្ចអះអាងថា ជម្លោះមកពីរឿងទិញគ្រឿងញៀន។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា​ បុរសជាជនរងគ្រោះ ដែលត្រូវឃាតកវាយ​សម្លាប់មានឈ្មោះ​ ម៉ៅ​ រតនៈ​ អាយុ​២១ឆ្នាំ​ មុខ​​របរកសិករ​ ស្នាក់នៅភូមិ សង្កាត់កើតហេតុ​។

​ជុំវិញករណីនេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្លាប់ផ្កាប់មុខ នឹងមានឈាមប្រឡាក់ពេញខ្លួន​ ហើយ​មានចំបង​២កំណាត់ និងកងមួយគ្រឿង រួមទាំងពិលមួយផងដែលនៅក្បែរសាកសព​ ភ្លាមៗនោះប្រជាពលរដ្ឋក៏បាន រាយការណ៍មកសមត្ថកិច្ច ដើម្បីចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ។ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗ លោកវរសេនីយ៍ឯក ជឹម​ ស៊ីថា​ អធិការខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះដល់ទីតាំងកើតហេតុ ដោយសហការជាមួយមន្ត្រីជំនាញ ចុះធ្វើកោសល្យវិច្ច័យទៅលើកសាកសព ដើម្បីស្រាវជ្រាវតាមចាប់ឃាតករ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ បានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុ​សមត្ថកិច្ច បាននាំខ្លួនបុរសម្នាក់យកទៅ​សួរនាំ​ ដោយ​សង្ស័យពាក់ព័ទ្ធទៅលើកអំពើឃាតកម្មវាយសម្លាប់បុរស រងគ្រោះ​ ប៉ុន្តែលោកមិនទាន់បញ្ជាក់ថា បុរសម្នាក់ដែលឃាត់យកមកសួរនាំនេះ ពិតជាឃាតកប្រាកដនៅឡើយទេ។

បើតាមស្ត្រីជាប្រពន្ធ បានរៀបរាប់ថា ​នៅយប់ថ្ងៃទី​១៩​ ម៉ោងជាង១០​ ប្តីរបស់គាត់បានប្រាប់គាត់ថា​ ទៅយកពិលនៅផ្ទះ បងប្អូនក្បែរកន្លែងកើតហេតុ​ ហើយក៏បាត់រហូតដល់ព្រឹក ស្រាប់តែបងប្អូនមកប្រាប់ថា ប្តីរបស់ខ្លួនត្រូវបានគេវាយស្លាប់​បាត់ហើយ៕