(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងក្រើរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ត្រូវរួមគ្នាធ្វើសកម្មភាពឲ្យបានកាន់តែសកម្ម ដើម្បីផ្តល់នូវភាពកក់ក្តៅជូនអតីតយុទ្ធជន ដែលសុទ្ធតែជាអ្នកមានគុណបំណាច់សម្រាប់ជាតិ មាតុភូមិ។ 

នាយឧត្តមសេនីយ គន់ គីម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាប្រចាំឆ្នាំ២០១៧ និងដាក់ចេញទិសដៅការងារបន្តនាព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការដ្ឋានយោធភូមិភាគពិសេស ដោយមានវត្តមានចូលរួមពីប្រធានកិត្តិយស ប្រធាន អនុប្រធានគណៈកម្មាធិការសមាគម ប្រធានសាខាឃុំ សង្កាត់ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំងសរុប ៣៥២នាក់ផងដែរ។

អគ្គលេខាធិការ គន់ គីម បានថ្លែងរំលឹកដែរថា រាល់ការចុះជួបជាមួយអតីតយុទ្ធជនត្រួវពិនិត្យស្ថានភាពជីវភាព សុខភាព របស់គ្រួសារនីមួយៗ ហើយត្រូវជួយអន្តរាគមន៍ដោះស្រាយបញ្ហារបស់អតីតយុទ្ធជន ពេលឃើញពីទុក្ខលំបាកដូចជា ខ្វះខាតជីវភាព ត្រូវជួយឧបត្ថម្ភ ឬ មានជំងឺត្រូវសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ ជាពិសេសបង្កលក្ខណៈឲ្យទទួលបានសេវាសាធារណៈផ្សេងៗ មិនត្រូវទុកឲ្យអតីតយុទ្ធជន ជួបទុក្ខលំបាក ដោយមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ។

«ជាការពិត អតីតយុទ្ធជនយើង ត្រូវការចាំបាច់នូវការលើកទឹកចិត្ត ត្រូវការភាពកក់ក្តៅ ការសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហារបស់បងប្អូន។ ជាក់ស្តែងការងារ ដែលយើងបានសហការអនុវត្តកន្លងមក ដូចជាការចលនាគ្នាចូលរួមបុណ្យសព ការបើកផ្តល់ប្រាក់មរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គម ឬ ការសាងសង់ផ្ទះជាដើម គឺជាសកម្មភាពសប្បុរសដ៏ប្រពៃ ដែលចាំបាច់ត្រូវអនុវត្តបន្តទៀត»។ នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់។

ពាក់ព័ន្ធទៅនឹងដីបម្រុងទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ចរបស់រដ្ឋ មាន ២ទីតាំងក្នុងខេត្តកំពង់ឆ្នាំង ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ទេរ និងប្រគល់សិទ្ធិជូនគណៈបញ្ជាការឯកភាពខេត្តកន្លងមកនោះ នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ពង្រឹងកិច្ចសហការ ថែរក្សា និងគ្រប់គ្រងឲ្យបានម៉ត់ចត់ ទប់ស្កាត់ឲ្យបានការរំលោភទន្ទ្រានពីជនខិលខូច ហើយរៀបចំកំណត់ព្រំខ័ណ្ឌច្បាស់លាស់ សម្រាប់អភិវឌ្ឍន៍អតីតយុទ្ធជន និងគ្រួសារ ដែលក្រលំបាកកំពុងត្រូវការចាំបាច់នូវលំនៅដ្ឋានសមរម្យ និងដីបង្កបង្កើនផលសម្រាប់ដោះស្រាយជីវភាព។

សូមបញ្ជាក់ថា មកទល់ពេលនេះ ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជន ក្រលំបាក ក្នុងយោធភូមិភាគពិសេសមានចំនួនសរុប ២៨ខ្នង ក្នុងនោះនៅរាជធានីភ្នំពេញ ១៦ខ្នង ខេត្តកណ្តាល ៨ខ្នង និងខេត្តកំពង់ឆ្នាំង ៤ខ្នង៕