(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៨នេះ​ ព្រឹទ្ធសភា បានប្រកាសគាំទ្រទាំងស្រុងដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់អនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវាកម្ម អាស៊ាន-ឥណ្ឌា មុននឹងបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ។

កិច្ចប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាចំនួន៤៧រូប។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសព្រមព្រៀង ពាណិជ្ជកម្ម សេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ផលប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ក្នុងលក្ខណៈអនុគ្រោះ ចំពោះបណ្តាប្រទេសសមាជិកអាស៊ាន ដែលជាប្រទេសអភិវឌ្ឍន៍ តិចតួច ក្នុងការទទួលបានការបើកច្រកទីផ្សារថ្មីបន្ថែមទៀតពីឥណ្ឌា និងជាទីផ្សារថ្មីមួយបន្ថែមទៀតក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើពាណិជ្ជកម្មជាមួយនឹងឥណ្ឌា ដែលជាប្រទេសមានសក្តានុពលផ្នែកសេដ្ឋកិច្ចដ៏ធំ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន-ឥណ្ឌា សំដៅពង្រឹងកិច្ចសហប្រតិបតិ្តការ រវាងភាគីទាំងពីរ តាមរយៈ ៖

១៖ បើកច្រកចូលទីផ្សារទូលំទូលាយដល់អ្នកផ្គត់ផ្គង់ ឬអ្នកផ្តល់សេវាកម្មនៃប្រទេស សមាជិកទាំងអស់ ហើយប្រទេសកម្ពុជា (រួមទាំងប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម) នឹងទទួលបាននូវប្រព្រឹត្តកម្មពិសេស ខុសគ្នា និងផ្សេងពីប្រទេសនានានៅក្នុងវិស័យ និងអនុវិស័យដែលបានសន្យា។

២៖ ផ្តល់ភាពទន់ភ្លន់ដល់ភាគីទាំងអស់ ដើម្បីដោះស្រាយវិស័យរសើបរបស់ខ្លួនដែលនឹង ត្រូវចរចា និងឯកភាពគ្នា ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។
៣៖ ពង្រីកពាណិជ្ជកម្មសេវាកម្មនៅក្នុងតំបន់ទាំងពីរ តាមរយៈការផ្គត់ផ្គង់សេវាកម្ម ឆ្លងកាត់ព្រំដែន ការប្រើប្រាស់សេវាកម្មបរទេស វត្តមានរបស់ក្រុមហ៊ុនពាណិជ្ជកម្ម និងបន្លាស់ទីរបស់រូបវន្តបុគ្គល។

ចំពោះអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានការសន្យាបន្ថែមទៀតពីភាគីឥណ្ឌា លើសពីអ្វីដែលភាគីឥណ្ឌាបានសន្យាក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកទៅលើវិស័យ និងអនុវិស័យ ដូចខាងក្រោម ៖

១៖ វិស័យធុរកិច្ច
២៖ វិស័យទំនាក់ទំនង
៣៖ វិស័យសំណង់ និងសេវាពាក់ព័ន្ធវិស្វកម្ម
៤៖ វិស័យទេសចរណ៍ និងសេវាពាក់ព័ន្ធនឹងការធ្វើដំណើរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា៖