(ភ្នំពេញ)៖ អស់រយៈ៤ថ្ងៃកន្លងទៅហើយ ពោលតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅកាន់ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញម៉ូតូពីក្រុមចោរ)។ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ តំណាងអយ្យការ នៅមិនទាន់សម្រេចចោទលើជនសង្ស័យនៅឡើយទេ។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចប្រាប់ភ្នាក់ងារអង្គភាព Fresh News ប្រចាំសាលាដំបូងនៅព្រឹកនេះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ឈ្មោះ គង់ ចណ្ណៈ អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ខុក ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ករណីនេះកំពុងស្ថិតក្រោម ចំណាត់ការរបស់លោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ពោលទិញម៉ូតូពីចោរ យកទៅដូរស្លាកលេខ ទុកជិះ និងលក់បន្ត។

ជនរងគ្រោះឈ្មោះ ផល ដាវី ភេទស្រី ស្នាក់ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ បានអះអាងថា កាលពីវេលាទាបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នាងបានបាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដា ស្កូបពី ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CM-4217។ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានប្រទះឃើញ ជនសង្ស័យឈ្មោះ ខុក ណាក់ ជិះម៉ូតូរបស់ខ្លួន ដោយបានដូរស្លាកលេខ ពីភ្នំពេញ 1CM-4217 ទៅដាក់ស្លាកលេខភ្នំពេញ 1BJ-8428។

ក្រោយឃើញបែបនោះ ជនរងគ្រោះបានស្រែកឱ្យសមត្ថកិច្ច ជួយឃាត់ខ្លួនជនសង្ស័យឈ្មោះ ខុក ណាក់ នៅចំណុចផ្លូវជាតិ លេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាធានីភ្នំពេញ។ បន្ទាប់មកសមត្ថកិច្ចបានឱ្យឈ្មោះ ខុក ណាក់ នាំទៅចាប់ជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ គង់ ចណ្ណៈ នៅចំណុចភូមិព្រៃរងៀង សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

នៅចំពោះមុខសមត្ថកច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពិតជាបានទិញម៉ូតូរបស់ជនរងគ្រោះពីឈ្មោះ ភក្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ប្រាកដមែន។ ពួកគេឆ្លើយថា ធ្លាប់បានទិញម៉ូតូ ដែលឈ្មោះ ភក្តិ ដើរលួចគេបាននោះ ចំនួន៣ដងរួចមកហើយ ប៉ុន្តែលើកនេះត្រូវសមត្ថកិច្ចចាប់បាន៕