(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានកោះហៅអភិបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ និងស្មៀនទាំងអស់ នៅក្នុងមូលដ្ឋានក្នុងរាជធានីមកប្រជុំ ដើម្បីពង្រឹងតួនាទី និងភារកិច្ច ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ដើម្បីបំពេញសេវា តម្រូវការសេវាសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ចៅសង្កាត់ និងក្រុមប្រឹក្សា ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋផ្ទាល់ ដើម្បីចង់ដឹងពីភាពជាក់ស្តែង ដែលគាត់សំណូមពរ រួចត្រូវរាយការណ៍ការងារនោះ មកអភិបាលខណ្ឌ ហើយប្រសិនបើកាងារនោះ អាចដោះស្រាយបាន ត្រូវដោះស្រាយនៅនឹងកន្លែង ហើយបើកាងារនោះហួសសមត្ថភាព ត្រូវរាយការណ៍ជូនថ្នាក់លើបន្តទៀត។

មួយវិញទៀត អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក៏ដូចជាមន្ទីរជំនាញតាមអង្គភាព រួមនឹងកងកម្លាំងមានសម្ថតកិច្ចផងដែរ ត្រូវចេះកែប្រែបញ្ហាដែលមានឧបសគ្គ ឲ្យមកជាដំណោះស្រាយ ទើបរាល់បញ្ហាទាំងអស់ អាចទទួលបានជោគជ័យ នឹងគ្មានបញ្ហាកើតឡើង។ ដោយឡែក មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបំពេញតួនាទីឲ្យចំគោលដៅនូវជំនាញវិជ្ជាជីវៈរបស់ខ្លួន លើតម្រូវការប្រជាពលរដ្ឋ មកពឹងពាក់។ ពិសេសកងកម្លាំងមានសមត្ថកិច្ច ក៏ដូច្នោះដែរ ការងារនឹងកាតព្វកិច្ចដែលថ្នាក់លើ ដាក់ឲ្យនឹងប្រគល់ជូនត្រូវអនុវត្តន៍ឲ្យចំគោលការណ៍ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដោយស្មោះត្រង់ នឹងតម្លាភាពនៅតាមមូលដ្ឋាននីមួយៗរបស់ខ្លួន។

លោកអភិបាលបានបញ្ជាក់ថា «ចាប់ពីពេលនេះទៅ មន្ត្រីខាងលើត្រូវមានស្មារតីឲ្យស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ទុកចិត្តមកលើយើង។ ដូច្នោះ បន្ទាប់ពីទទួលបានផែនការនេះទៅ គ្រប់ចៅសង្កាត់ទាំងអស់ ត្រូវរៀបរៀងឥរិយាបទឲ្យបានល្អ ត្រៀមបដិសណ្ឋាកិច្ចទទួលប្រជាពលរដ្ឋ ដែលមកបំពេញសេវាសាធារណៈ នៅក្នុងសង្កាត់របស់ខ្លួន»

លោក ឃួង ស្រេង បានលើកឡើងទៀតថា «ចាប់ពីពេលនេះទៅ គ្រប់ចៅសង្កាត់ ស្មៀន មន្រ្តីជំនាញ ទាំងអស់ ត្រូវរៀបរៀងឥរិយាបទឲ្យបានល្អ ត្រៀមបដិសណ្ឋាកិច្ចចាំទទួលប្រជាពលរដ្ឋ ដែលមកសុំបំពេញសេវាសាធារណៈ រាល់ឯកសារលិខិតស្នាម នៅក្នុងសង្កាត់របស់ខ្លួនឲ្យបានល្អ និងលឿន»

លោក ឃួង ស្រេង បានបញ្ជាក់ថា ការកោះហៅលោកអភិបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ ស្មៀនសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានរាជធានី មកប្រជុំនាពេលនេះ គឺដើម្បីពង្រឹងតួនាទី និងភារកិច្ច ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរបន្ថែមទៀត បើទោះកន្លងមកយើងបានបំរើជូនប្រជាពលរដ្ឋបាលល្អមួយកម្រិតហើយក្តី។

លោកបានបន្តថា មកដល់ពេលនេះ ជាពេលដែលយើងត្រូវយកចិត្តទុកដាក់បំផុតហើយ ដើម្បីបំរើសេវាកម្មជូនប្រជាពលរដ្ឋ។ មន្ត្រីជំនាញនីមួយៗត្រូវប្រជុំជាប្រចាំ ដើម្បីឲ្យដឹងពីការងាររបស់ខ្លួន ចំពោះការបំរើសេវាផ្សេងៗជូនប្រជាពលរដ្ឋ ពិសេសនាយករដ្ឋបាល នាយកមន្ទីរ អភិបាលខណ្ឌ ត្រូវប្រជុំដាក់ទិសដៅអោយបានជាប្រចាំ។

លោកសុំឲ្យពង្រឹងឡើងវិញការសុំច្បាប់ឈប់សម្រាក សំខាន់ឲ្យសមស្រប មិនមែនចេះតែសុំច្បាប់បែបអនាធិបតេយ្យនោះទេ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋមិនគោរពច្បាប់ចរាចរវាជារឿងមួយ ប៉ុន្តែមន្ត្រីរបស់យើងដាច់ខាត់ត្រូវតែគោរពច្បាប់ចរាចរណ៍ ត្រូវតែណែនាំអប់រំប្រជាពលរដ្ឋឲ្យយល់ពីច្បាប់ចរាចរ ទោះក្នុងកម្មវិធីអ្វីក៏ដោយ៕