(ភ្នំពេញ)៖ ភាពយន្តឆ្លុះបញ្ចាំង ពីការរស់នៅក្នុងសម័យលង្វែក និងនិយាយពីជំនឿ មន្តអាគមអូមអាម មានចំណងជើងថា «​ធ្មប់» ដែលជាវណ្ណកម្មថ្មី​ របស់អ្នកដឹកនាំរឿង «វិកលចារិត» គឺលោក ហ៊ុយ យ៉ាឡេង បានធ្វើពិធីសម្ពោធជាផ្លូវការហើយ នៅរោងកុនមេជ័រ «Major Cineplex» នាល្ងាចថ្ងៃទី២២ ខែមករានេះ ដែលមាន​​​ការចូលរួមទាំងតារា​សម្តែង និងមិត្តភក្តិ ​​​​​​​​​សិល្ប​ករ-សិល្បការិនី ផលិតករ និងមន្រ្តីក្រសួងវប្បធម៌ យ៉ាងច្រើនកុះករ ខណៈដែលផលិតករ បានសម្ដែងក្ដីរំពឹងខ្ពស់ ក្នុងការទទួលជោគជ័យ ពេលដាក់បញ្ចាំងរួច​។ ​

លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីមល៍, ជាតួអង្គឯកក្នុងរឿង និងជាផលិតកករផងនោះ បានថ្លែងឲ្យដឹងថា​ រឿង «ធ្មប់» ជារឿងប្រភេទ​បែបបុរាណរន្ធត់ ដែលបង្ហាញពីសម័យលង្វែក និងវិជ្ជាអាគមធ្មប់ ដែលកំរមាន​ភាពយន្តខ្មែរ សម័យបច្ចុប្បន្ន លើកយកមកបង្ហាញក្នុងផ្ទាំង ទស្សនីយភាពខ្នាតយក្ស នេះណាស់។ ជាការដែលគួរឲ្យកត់សម្គាល់ នៅពេលដែលឈុតខ្លីៗ និង វីដេអូ Teaser និងរូប Poster កន្លងមកតាមបណ្តាយសង្គម មានការឆ្លើយតប និង ខំមិនជាច្រើន លើសលប់ ទាក់ទងនឹងការទន្ទឹងរង់ចាំជាយូរ ចំពោះរឿងនេះ។

ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីមល៍ បានបន្តថា រឿង «ធ្មប់» មានដំណាលថា នាសម័យលង្វែក​ មានសេដ្ឋីម្នាក់ឈ្មោះ រាជ មានកូន២នាក់ បងប្រុសឈ្មោះឯក និងប្អូនស្រីឈ្មោះច័ន្ទ និងភរិយាដ៏ស្រស់ស្អាតឈ្មោះទេពល័ក្ខ។ គ្រួសារ​នេះរស់នៅយ៉ាងសុខសាន្ត ក៏ប៉ុន្តែបន្ទាប់ពី រាជ មកពីជួញ​ដូរវិញ ត្រូវ​ចោប្លន់កាប់ឲ្យរបួស រឿងហេតុអាក្រក់ទាំងឡាយ ត្រូវបានកើត ឡើងនៅផ្ទះរបស់រាជ អណ្តូងរីងស្ងួត មនុស្សចាប់ផ្តើមបាត់ខ្លួន សូម្បីតែសត្វគោក៏ត្រូវបាត់ខ្លួនដែរ រាជមានអាការៈចម្លែកៗទៅ ដែលប្អូនថ្លៃឈ្មោះទេពពង្ស មានការសង្ស័យថា រាជត្រូវអំពើរធ្មប់ រឿងរ៉ាវឈ្លោះគ្នា និងដំណោះស្រាយ ភាពព្រឺព្រួចនាពេលរាត្រីបានកើតឡើង!​។

លោក ​ហ៊ុយ យ៉ាឡេង បញ្ជាក់បន្ថែមថា ដោយឡែកមានប្រជាជនខ្មែរខ្លះ ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសកូរ៉េ បានទទូចឲ្យក្រុមផលិតកម្ម នាំយករឿងទៅបញ្ចាំង នៅប្រទេសកូរ៉េកុំ​ឲ្យខាន។

សូមបញ្ជាក់ថា កន្លងមកភាពយន្តរឿង «វិកលចារិត» របស់លោក ហ៊ុយ យ៉ាងឡេង គឺជាភាពយន្តខ្មែរមួយក្នុងចំណោម ភាពយន្តខ្មែរដទៃទៀត ដែលទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ពីសំណាក់ទស្សនិកជនខ្មែរ។ ក្រុមហ៊ុនពូ ព្រហ្ម មានកិត្តិយសដែលទទួលបានការទុកចិត្តពី ផលិតកម្ម​មាតុចក្រហ្វីល​ចែកចាយ រឿង «ធ្មប់» មួយនេះ នៅតាមរោងភាពយន្ត ក្នុងប្រទេសកម្ពុជា។ ប្រជានចាត់ការទូរទៅក្រុមហ៊ុពូព្រហ្មអិនធឺធេនមេន សង្ឃឹមថា រឿង «ធ្មប់» នឹទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ពីសំណាក់ទស្សនិកជនខ្មែរ នៅទូ​ទាំងព្រះរាជាណាចក្រកម្ពុជា។ ​រឿង «ធ្មប់» នឹងចាក់បញ្ចាំងនៅគ្រប់រោងកុនទាំងអស់ នៅថ្ងៃទី ២៥ មករា ឆ្នាំ​​​២០១៨​​​ ខាងមុខ នេះ៕