(ភ្នំពេញ)៖​ មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ ដែលបានផ្ទុះអាវុធ ខណៈចុះទៅបង្ក្រាបសង្វៀនជល់មាន់ រួចបណ្តាលឲ្យចំបុរសម្នាក់ស្លាប់ដោយអចេតនានោះ ត្រូវបានចាប់បញ្ជូន ទៅដល់តុលាការហើយ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ។ មន្រ្តីនគរបាលរូបនេះ មានឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី (ស័ក្តិ១) បម្រើផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

រហូតមកដល់ពេលនេះ លោកអនុសេនីយ៍ត្រី ចន វីរៈ កំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ ដើម្បីចាត់ការបន្តទៀត។

កាលពីម្សិលមិញ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាយ៉ាងដាច់ណាត់ដល់ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការដោយចាប់បញ្ជូនមន្រ្តី នគរបាលរូបនេះ ដែលមានការធ្វេសប្រហែសបាញ់បង្ក្រាបនៅសង្វៀនជល់មាន់មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ តែបានបណ្តាលឲ្យត្រូវបុរសម្នាក់ស្លាប់ ខណៈកំពុងអើតពីលើបន្ទប់ជួលជាន់ទី៣ មើលការចុះបង្ក្រាបនេះ។

បើទោះបីមន្រ្តីនគរបាលដែលបានបាញ់ បានកើតឡើងនៅពេលចុះបង្ក្រាបបទល្មើសល្បែងស៊ីសង ហើយទៅចំជនរងគ្រោះស្លូតត្រង់បណ្តាលឲ្យស្លាប់ដោយកំហុសអចេតនា យ៉ាងណាក៏ដោយ តែសម្រាប់ការអនុវត្តច្បាប់ត្រូវតែធ្វើឡើង ដើម្បីជាការព្រមាន ក៏ដូចជាសារមួយប្រាប់ទៅគ្រប់សមត្ថកិច្ចផ្សេងទៀតថា នៅពេលចុះបំពេញបេសកកម្មការងារ និងក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបបទល្មើស ត្រូវប្រើប្រាស់កាំភ្លើងដោយមានប្រុងប្រយ័ត្ន មិនត្រូវធ្វេសប្រហែសនាំឲ្យរងគ្រោះថ្នាក់ដល់ជនស្លូតត្រង់នោះឡើយ ដូចករណីនេះជាឧទាហរណ៍ស្រាប់។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់ និងដាច់ណាត់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រាប់ករណីនេះ យើងនឹងចាប់បញ្ជូនមន្រ្តីនគរបាលម្នាក់ ដែលជាអ្នកបាញ់ហើយបណ្តាលឲ្យចំជនរងគ្រោះ ដោយអចេតនាស្លាប់ ទៅតុលាការនៅថ្ងៃស្អែក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងដើម្បីស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះផងដែរ»

នាយឧត្តមសេនីយ៍ស្នងការ បានថ្លែងទៀតថា បន្ទាប់ពីកម្លាំងនគរបាលជំនាញធ្វើកោសល្យវិច្ច័យទៅលើកាំភ្លើងចំនួន៥ដើម សំបកគ្រាប់ និងក្បាលគ្រាប់នៅលើសាកសពជនរងគ្រោះនោះ យើងបានរកឃើញមន្រ្តីម្នាក់ ដែលជាអ្នកបាញ់ ហើយនៅថ្ងៃស្អែកទី២៣ ខែមករា ឆ្នាំ២០១៨នេះ យើងនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពោលបញ្ជូនទាំងមនុស្ស និងវត្ថុតាងទាំងអស់។

បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ តាមរយៈការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យរួចមក ក៏បានរកឃើញថា ក្បាលគ្រាប់នៅលើសពជនរងគ្រោះមានសភាពបែក និងកាពិត មានន័យថា ពេលបាញ់នោះគ្រាប់បានទៅបុកជញ្ជាំងថ្ម ហើយក៏ផ្លាតទៅចំជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង ខណៈជនរងគ្រោះកំពុងតែឈរកាន់បង្កាប់ដៃបន្ទប់ឈរពីលើមើល សមត្ថកិច្ចបង្ក្រាបល្បែងជល់មាន់។ មន្រ្តីនគរបាលដែលមានកំហុសដោយអចេតនារូបនេះ ជាមន្រ្តីនគរបាលផ្នែកសន្តិសុខ នៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ថា វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចដីឡូតិ៍ ខាងក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំមួយ រហូតមានការផ្ទុះអាវុធ (បាញ់ឡើង) ដោយសារខ្លាចក្រុមចូលលេងល្បែងជល់មាន់តដៃ ហើយក៏រាលកៃ បណ្ដាលឱ្យត្រូវបុរសជាកម្មកររោងចក្រម្នាក់ ខណៈកំពុងអឺតមើលនៅលើផ្ទះជួលជាន់ទី៣ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងទៅលើជនរងគ្រោះឈ្មោះ សៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាស៊ីធី មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ណុប ផានី អាយុ២៧ឆ្នាំ មុខរបរកម្មការីនីរោងចក្រ មានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

កាលពីម្សិលមិញ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានឧបត្ថម្ភថវិកាចំនួន៥០០០ដុល្លារ ដល់គ្រួសារសពជនរងគ្រោះ ហើយឲនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកាចំនួន៣ពាន់ដុល្លារ និងចូលរួមបុណ្យសពចំនួន២លានរៀល, អភិបាលខណ្ឌលោក ហែម ដារិទ្ធ ចំនួន១០០ដុល្លា, លោក ឃឹម ស៊ុនសូដា ចំនួន១០០ដុល្លារ, លោក យឹម សារ៉ាន់ អធិការខណ្ឌចំនួន៥០០ដុល្លារ ព្រមទាំងមន្រ្តីនគរបាលផ្សេងទៀតផងដែរ ដល់ក្រុមគ្រួសារនៃសព ដើម្បីធ្វើបុណ្យជូនជនរងគ្រោះ៕