(ភ្នំពេញ)៖ លោក សាន ចយ ដែលពីមុនធ្លាប់រកស៊ីឈើនៅភាគឥសាន្តប្រទេស បានចេញមុខធ្វើការបដិសេធថា លោកមិនមានពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ នៅតំបន់ព្រៃសហគមន៏អូរល្វះ ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដូចបណ្ដាញព័ត៌មានមួយចំនួនធ្វើការចុះផ្សាយចោទប្រកាន់ នៅពេលថ្មីៗនេះទេ។

លោក សាន ចយ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះថា លោកមិនមានពាក់ព័ន្ធការ រកស៊ីកាប់ឈើនៅស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ ដូចអ្វីដែលព័ត៌មានមួយចំនួន បានធ្វើការចុះផ្សាយកាលពីពេលថ្មីៗនេះនោះទេ។

លោក សាន ចយ បានបន្តថា ការចុះផ្សាយចោទប្រកាន់មកលើរូបលោកនៅពេលថ្មីៗនេះ ដោយសារព័ត៌មានមួយចំនួននោះ គឺផ្ដើមចេញពីជម្លោះរវាងរូបលោក និងមិត្តភក្ដិរបស់លោកម្នាក់ ហើយដោយសារគេមិនអាចធ្វើអ្វីលោកបាន គេក៏ប្រឌិតរឿងបទល្មើសព្រៃឈើនេះឡើង ដើម្បីយកទៅអោយសារព័ត៌មានមួយចំនួន ចុះផ្សាយបង្ខូចឈ្មោះលោកតែម្ដងទៅ។

ដូច្នេះ ក្រោយចេញសេចក្ដីបំភ្លឺនេះទៅ សូមសាធារណជនកុំមានការយល់ច្រឡំ ទៅនឹងព័ត៌មានចុះផ្សាយបំភ្លៃការពិតទាំងនោះអោយសោះ ព្រោះរឿងចោទប្រកាន់គ្មានការពិតនេះ គឺផ្ដើមចេញពីទំនាស់បុគ្គលតែប៉ុណ្ណោះ៕