(ភ្នំពេញ)៖ អង្គការ «ខ្ញុំខ្មែរ» នាពេលថ្មីៗនេះ បានប្រកាសឲ្យដឹងថា គ្រោងនឹងដឹកនាំតារាចម្រៀងល្បី ពីប្រទេសកម្ពុជា និងថៃ ដើម្បីទៅសម្ដែងចែកជូនដល់បងប្អូន ពលករខ្មែរ នៅប្រទេសកូរ៉េ បានទស្សនាកម្សាន្ត រយៈពេល២សប្ដាហ៍ នៅអំឡុងពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីស្វែងរកថវិកា ជួយដល់ជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា ដោយផ្ដោ​តសំខាន់លើមនុស្សចាស់ជរា ស្រីពោះធំ និងកុមារគ្មានទីពឹង ជាដើម។

គម្រោងនៃការរៀបចំប្រគំតន្រ្តី ដែលមានការចូលរួមពីសំណាក់ តារាខ្មែរ និងតារាថៃ នៅលើទឹកដីកូរ៉េ នៅពេលនេះ គឺជាគោលដៅចំបងមួយ ដែលអង្គការ បានគិតគូទុកជាមុនប្រមាណ១ឆ្នាំមកហើយ ប៉ុន្តែទើបពេលនេះ មានឱកាស និងរៀបចំយ៉ាងឲ្យបានសម្រេចតាមគោលដៅ ដែលបានគ្រោងទុក ខណៈដែលមានមនុស្សមួយចំនួន ក៏បានធ្វើការងាររួចទៅហើយ។

ប្រធានអង្គការ «ខ្ញុំខ្មែរ» លោក អេថិន ជានិច្ច បានថ្លែងថា រយៈពេល៤ឆ្នាំក្រោយមកនេះ អង្គការ «ខ្ញុំខ្មែរ» បង្កើត​ឡើង ក្នុងន័យជួយធានាយកតារាខ្មែរ ទៅសម្ដែងនៅក្រៅប្រទេសច្រើន លើករួចមកហើយ ដូចជានៅប្រទេសអូស្ត្រាលី កូរ៉េ អាមេរិក និងនៅប្រទេសថៃ ជាដើម ដើម្បីផ្ដល់ឱកាសឲ្យតារាខ្មែរ បានទៅចេញទៅសម្ដែងនៅក្រៅប្រទេស និងដើម្បីប្រមូលថវិកាបរិច្ចាគ ជាប្រយោជន៍ដល់ពលរដ្ឋខ្មែរខ្វះខាត បើទោះជាគម្រោងមួយនេះ តម្រូវឲ្យលោកចំណាយថវិកាផ្ទាល់ខ្លួន។

លោកបន្តថា បើលោកយកថវិកាដែលបានចំណាយទាំងអស់ប្រើប្រាស់ សម្រាប់ជួយអ្នកខ្វះខាត គឺមិនខុសពីលោកមិនបានចូលរួមបំផុស ពីសំណាក់អ្នកចង់ជួយសង្គមនោះទេ ហើយក៏មានន័យថា លោកមិនបានរួមចំណែកលើកស្ទួយសិល្បៈខ្មែរ​ផងដែរ ទើបលោកសុខចិត្តចំណាយលុយ សកម្មភាពទាំងនេះ ហើយប្រមូលយកថវិកា ដែលបានពីការរ៉ៃអង្គាសទុកសម្រាប់ជួយ ដល់សង្គមវិញ។

លោក អេ​ថិ​ន ជា​និច្ច​ បានសង្កត់ធ្ងន់ថា ​គ្មានអ្វី​ក្រៅពី​​ការ​ស្ម័គ្រចិត្ត​ចូល​គ្នា ​ដោយ​លោក​មាន​ធនធាន​ខ្លះ ​មិត្តភក្តិ​មាន​ខ្លះ ​ជួយ​ម្នាក់​បន្តិច​ៗ​ទើប​មាន​ទុន​​ ជួយ​បង្កើត​កម្មវិធី​ផ្សេង​ៗ​តាម​ទឹកចិត្ត​។ ​​​អង្គការ​របស់​លោក​តែងតែ​នាំ​តារា​ខ្មែរ​ ទៅ​ច្រៀង​ដើម្បី​ស្វែងរក​ថវិកា ​ជួយ​អ្នក​ក្រីក្រ​ក្នុង​កម្ពុជា​ ដើម្បី​សម្រាល​ជីវភាព​។

លោកបាននិយាយថា ដោយឡែក វត្តមានរបស់តារាកូរ៉េ នៅក្នុងគម្រោងព្រឹត្តិការណ៍នាថ្ងៃនោះ មិនសូវណាស់ណានោះទេ ប៉ុន្តែអ្វីដែលលោកចាត់ទុកថា ការប្រគំតន្ត្រីសម្រាប់ឆ្នាំនេះធំដុំជាងមុន គឺវត្តមានរបស់តារាចម្រៀងល្បី មកពីប្រទេសថៃ២ដួង គឺលោក ម៉ៃ ភិរមផន (Mike Phiromporn) ដែលត្រូវគេស្គាល់ថា ជាតារាចម្រៀងលូកធុង​ ដ៏ល្បីប្រចាំប្រទេសថៃ និង អ្នកនាង ស៊ុណារី រាជសីម៉ា (Sunare Ratchasima) ដែលជាតារាចម្រៀងល្បីល្បាញដូចគ្នា របស់ប្រទេសថៃ ទៅច្រៀងនៅក្នុងប្រទេសកូរ៉េនោះដែរ។

​តារាចម្រៀងថៃទាំងពីរ មានបទចម្រៀងល្បីៗជាច្រើន ​ដោយតារាចម្រៀងល្បីៗ​នៅកម្ពុជា សឹងថាមិនមានតារាចម្រៀងកំពូលណាមួយ មិនធ្លាប់ចម្លងបទរបស់អ្នកទាំងពីរ យកមកច្រៀងនោះទេ។ តារាថៃទាំង២ដួង នឹងច្រៀងនៅក្នុងប្រទេសកូរ៉េនូវបទល្បីៗរបស់ខ្លួន ដែលភាគច្រើន គឺបទទាំងនោះមានបងប្អូនខ្មែរ បានស្គាល់ច្រើនបទរួចមកហើយ ដោយសារតែមានតារាចម្រៀងល្បីៗ នៅក្នុងប្រទេសកម្ពុជា យកមកបកប្រែច្រៀង ហើយទទួលបានការគាំទ្រ មិនខុសគ្នា។

សូមបញ្ជាក់ គម្រោង​ដឹកនាំ​តារា​ខ្មែរ ថៃ និង​កូរ៉េ រហូត​ដល់​៣០​រូប​ឲ្យ​ចេញ​ទៅ​សម្ដែង​នោះ​ ​នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ នៅ​អំឡុង​ថ្ងៃ​ទី​១២ ឬ​១៣ កុម្ភ​: ហើយ​តារា​ទាំងអស់​ក្រៅពី​មានការ​ប្រគំ​តន្ត្រី​២​ដង​ នៅ​ទីតាំង​ផ្សេង​គ្នា ក៏​នឹង​មានដំណើរ​ទស្សនកិច្ច មិន​តិច​ជាង​២​អាទិត្យ​នោះ​ដែរ​ នៅ​លើ​ទឹកដី​កូរ៉េ​។​ ​តារាចម្រៀង​ខ្មែរ​រួម​មាន ​អ្នក​នាង ចេន សាយ​ចៃ, លោក​ អៀម វ​ន្នី និង​តារា​ក្មេង​ៗ​ ដែល​មាន​ប្រជាប្រិយភាព​ជា​ច្រើន​ទៀត​ ដែល​នៅ​មិន​ទាន់​ចង់​បង្ហាញ​ឈ្មោះ​ ក្នុង​ពេល​ស្ថិត​នៅ​ឆ្ងាយ​នៅឡើយ​៕