(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ស្ថានីយ៍បូមទឹកបុរី១០០ខ្នង និងជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករនៅបម្រើការដ្ឋាន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានីយ៍បូមទឹកបុរី១០០ខ្នងនេះ មានសមត្ថភាពបូមទឹក១ម៉ឺនម៉ែត្រគូប ក្នុង១ម៉ោង ឬស្មើ២,៧៨ម៉ែត្រក្នុង១វិនាទី។

លោកបន្តថា គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់បុរី១០០ខ្នង សង្កាត់ទឹកថ្លា និងពីតំបន់រងទឹកភ្លៀងពីផ្លូវសហព័ន្ឋរុស្ស៊ី ផ្លូវហាយណូយ ផ្លូវរថភ្លើង និងផ្លូវ៥៩៨ ពិសេសតំបន់ជុំវិញ។ លោកប្រធានបញ្ជាក់ថា កន្លងមកតំបន់នេះ បានរងនូវទឹកភ្លៀងជន់លិចធ្ងន់ធ្ងរណាស់។ ក្រោយស្ថាបនារួច នឹងដាក់ឲ្យប្រើប្រាស់ស្ថានីយ៍បូមទឹកបុរី១០០ខ្នង តំបន់នេះលែងលិចលង់ទៀតហើយ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ស្ថានីយ៍បូមទឹកបុរី១០០ខ្នងនេះ បំពាក់ម៉ូទ័រចំនួន៣គ្រឿង ដែលក្នុងនោះ មានទំហំ៦តឹកមួយគ្រឿង និង៥តឹក២គ្រឿង។ ដោយការសាងសង់បញ្ចប់ និងដាក់ឲ្យដំណើរការ នៅខែមិថុនា ឆ្នាំ២០១៨នេះ។

ក្នុងឱកាសនោះ សម្តេច សាយ ឈុំ ក៏បានណែនាំឲ្យលោក សាំ ពិសិដ្ឋ ជម្រុញការស្ថាបនាស្ថានីយទាំងនេះឲ្យបានលឿន ដើម្បីអាចបូមរំដោះទឹកឲ្យបានទាន់នៅក្នុងរដូវវស្សាខាងមុខនេះ៕