(មណ្ឌលគិរី)៖ ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្ស នៅក្នុងតំបន់ដាច់ស្រយាល នាខេត្តមណ្ឌលគិរី ក្រុមនិស្សិតស្ម័គ្រចិត្ត នៃកសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអំពាវនាវទៅសប្បុរសជន និងម្ចាស់អំណោយនៅក្នុងស្រុក និងក្រៅស្រុកនានា មេត្តាជួយផ្តល់ជាថវិកា សម្ភារសិក្សា និងរបស់របរប្រើប្រាស់ផ្សេងៗ ដើម្បីជួយកសាងអណ្តូងទឹក សួនច្បារ បង្គន់អនាម័យ ដល់សិស្សសាលាបឋមសិក្សាពូត្រុំថ្មី ស្ថិតនៅក្នុងខេត្តមណ្ឌលគីរី​ ដែលកំពុងប្រឈមខ្វះទឹកស្អាតប្រើប្រាស់។

តំណាងក្រុមនិស្សិតស្ម័គ្រចិត្ត បានថ្លែងថា Green and Clean Project គឺជាផ្នែកមួយនៃគម្រោង CSR ដែលបានផ្តល់ការគាំទ្រដល់សង្គម តាមរយៈក្រុមនិស្សិតជាន់ខ្ពស់ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្រេចចិត្តយកគម្រោងនេះ សកម្មភាពដែលបានផ្តោតជាចម្បងការលើកកម្ពស់ អនាម័យសាលារៀន និងសុខមាលភាពសិស្សានុសិស្ស និងធ្វើឲ្យសាលារៀនមានសោភ័ណភាពទាក់ទាញជាងមុន។

តំណាងនិស្សិតស្ម័គ្រចិត្តដដែល បានបន្តថា គោលបំណងនៃគម្រោងនេះ គឺបង្កើនគុណភាពអប់រំតាមរយៈការបង្កើតសុខមាលភាពសិស្ស និងបរិស្ថានសាលារៀននៅតាមតំបន់ដាច់ស្រយាល។ ការលើកកម្ពស់បរិវេណសាលារៀនបៃតង និងអនាម័យ, លើកកម្ពស់អនាម័យដោយ បង្កើតនូវប្រព័ន្ធអនាម័យយ៉ាងហោចណាស់ បង្គន់អនាម័យទឹកស្អាតចំនួន២ និងជីកអណ្តូងទឹកចំនួន២ជាដើម, លើកកម្ពស់ការយល់ដឹងដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអំពីការអនុវត្តបៃតង និងភាពមានអនាម័យផងដែរ។

សម្រាប់សកម្មភាពសប្បុរសធម៌នេះ សង្ឃឹមថា នឹងមានអ្នកស្ម័គ្រចិត្តផ្តល់ជាថវិការ និងសម្ភារប្រើប្រាស់ផ្សេងៗ ជួយដល់សាលារៀនដ៏កំសត់មួយនេះ ដើម្បីជាផ្នែកមួយជួយលើកកម្ពស់គុណភាពអប់រំ កាន់បន្ថយភាពក្រីក្រ និងទុក្ខលំបាករបស់លោកគ្រូអ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស នៅតំបន់ដាច់ស្រយាលនេះផងដែរ៕