(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានបញ្ជាក់ពីជំហរក្នុងការដោះស្រាយបញ្ហាតូបរបស់អាជីវករ នៅផ្សារអូឬស្សី នាក្រុងក្រចេះ រហូតបញ្ចប់ជាស្ថាពរតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ អភិបាលរងខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បន្ថែមឲ្យដឹងថា ចំពោះបញ្ហានេះអាជ្ញាធរខេត្ត ដែលដឹកនាំដោយ លោកអភិបាលខេត្ត សរ ចំរុង បាននិងកំពុងបន្ដសហការជាមួយអាជ្ញាធរក្រុង អ្នកវិនិយោគផ្សារ និងបងប្អូនក្រុមអាជីវករ ដើម្បីដោះស្រាយបញ្ហាជូនបងប្អូនអាជីវករ ដែលនៅសល់តិចតួចបំផុត រហូតបញ្ចប់ជាស្ថាពរតាមការណែនាំ និងគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

លោក ហឿ ស៊ីយ៉ែម បានបញ្ជាក់ថា សម្រាប់ការងារនេះ គណៈកម្មការបានប្រជុំជាបន្ដបន្ទាប់ដើម្បីដោះស្រាយជូន មិនឲ្យខុសពីការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នោះឡើយ ហើយបញ្ហាបានដោះស្រាយរហូត៩៧ភាគរយ ក្នុងចំណោមតូបសរុប៥២៣តូប ពោលនៅសល់តែអាជីវករបន្ដិចបន្តួចតែប៉ុណ្ណោះ។

ជាការបញ្ជាក់បន្ថែម បញ្ហាដែលនៅសេសសល់នោះ គឺមាន២ ទី១៖ តូបរបស់បងប្អូនកាលពីមិនទាន់ធ្វើផ្សារ គឺតូបមួយលក់២គ្រួសារ លុះពេលធ្វើរួចពួកគាត់ចង់បានតូបម្នាក់មួយ និងបញ្ហាទី២៖ បងប្អូនដែលនៅសេសសល់ចង់បានតូបនៅលើទីតាំងចាស់របស់ខ្លួន ខណៈដែលតូបដែលត្រូវបានសងជាជួរ វាខុសពីទីតាំងចាស់របស់គាត់ តែនៅរក្សាលើលេខរៀងចាស់ដដែល។ ហេតុដូច្នេះហើយទើបពួកគាត់មិនព្រមទទួលយក។

យ៉ាងណាក៏ដោយ លោកអភិបាលរង បានអះអាងថា បញ្ហានឹងត្រូវដោះស្រាយអាចបញ្ចប់នាពេលឆាប់ៗនេះ ក្រោមការចូលរួម និងការយោគយល់ទៅវិញទៅមក រវាងភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា ក្រុមអាជីវករជាច្រើននាក់នៅផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានផ្ទុះការតវ៉ា និងខឹងសម្បាជាមួយអ្នកវិនិយោគ ក៏ដូចជាអាជ្ញាធរ បែងចែកតូបរបស់ពួកគាត់មិនត្រូវតាមលេខរៀងតូបចាស់ ដែលបានព្រមព្រៀងគ្នាមុនពេលសាងសង់។ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២១០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលធ្វើដំណើរទៅខេត្តក្រចេះនោះ សម្តេចបានជួយសាងសង់តូប និងដំបូលផ្សារអូរឫស្សីនេះជូនក្រុមអាជីវករឲ្យបានលក់ដូរសមរម្យ ព្រមទាំងបានបញ្ជាក់ទៀតថា ទីតាំងតូបត្រូវរក្សាទៅតាមទីតាំង ជាក់ស្តែងមិនឲ្យមានការប្តូរផ្លាស់នោះឡើយ។

ក្នុងញ្ញត្តិស្វែងរកអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្រុមអាជីវករបានអះអាងថា ក្រុមអ្នកវិនិយោគផ្សារ បានចំនួនតូបរហូតដល់៧០០តូប លើសពីចំនួនតូបចាស់ដែលមានត្រឹមតែ៥២៣តូប។

ក្នុងញត្តិបានគូសបញ្ជាក់ដូច្នេះ «បច្ចុប្បន្នតំណាងអ្នកវិនិយគបានធ្វើដល់ចំនួន ៧០០តូប នៅតែថាបែងចែកមិនគ្រាន់ ដោយតម្រូវឲ្យយើងខ្ញុំជាអាជីវករចាស់រំកិលខុសទីតាំង ដែលបានកំណត់នៅពេលចរចាគ្នា។ ម្យ៉ាងទៀត យើងខ្ញុំបានទទួលព័ត៌មានថា មានការលក់ដូរតូបយ៉ាងច្រើនក្នុងតម្លៃពី ២,៥០០ដុល្លារឡើងទៅ ចំពោះតូបបន្លែ ត្រី សាច់ និង ៥,០០០ដុល្លារ ដល់ ១០,០០០ដុល្លារ ចំពោះតូបលក់គ្រឿងទេសសម្រាប់អាជីវករថ្មីៗ ហើយចំពោះអ្នកចាស់តម្រូវឲ្យបង់ប្រាក់ចាប់ពី ៥០ដុល្លារ ដល់ ២០០ដុល្លារ ដែលផ្ទុយពីអនុសាសន៍របស់សម្តេចថា ការបែងចែកមិនឲ្យយកប្រាក់»

ក្រុមអាជីវករថែមទាំងបញ្ជាក់ទៀតថា ក្រុមអ្នកវិនិយោគថែមទាំងបង្ខំឲ្យអាជីវករមួយចំនួនផ្តិតមេដៃយកតូប ដែលអ្នកវិនិយោគបានបែងចែងឲ្យថែមទៀតផងដែរ។ ពេលខ្លះការបង្ខំនេះ បាននាំឲ្យមានការប៉ះពារពាក្យសម្តីសម្តីរវាងក្រុមអាជីវករ និងអ្នកវិនិយោគផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ និងជាប្រធានគណៈកម្មការសាងសង់ផ្សារអូរឫស្សី បានទទួលស្គាល់ពិតជាមានការសង់សង់តូបបន្ថែមជាង ១០០តូបពិតមែន តែការសាងសង់តូបបន្ថែមគឺសាងសង់លើដីទំនេរមិនបានប៉ះពាល់ទីតាំងតូបចាស់របស់អាជីវករនោះឡើយ។ បើតាមលោក យិន វណ្ណៈ អ្វីដែលនាំឲ្យមានជម្លោះក្នុងការបែងចែកតូបនេះ ក៏ព្រោះតែមានអាជីវករមួយចំនួន ដែលបានដោះដូរតូបពីទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ទៅយកតូបទំហំ ៣ម៉ែត្រ គុណ ៤ម៉ែត្រ បានចាប់យកតាមចិត្តរបស់ខ្លួន ដោយមិនព្រមធ្វើតាមការបែងចែករបស់គណៈកម្មការផ្សារ ទើបនាំឲ្យមានជម្លោះបែបនេះ៕