(សៀមរាប)៖ ក្រោយចំណាយពេលជាង២០ឆ្នាំ លើការសិក្សាស្រាវជ្រាវកុលាលភាជន៍ខ្មែរទាំងផ្នែកបុរាណវិទ្យា និងការវិភាគបែបវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវបានសន្និដ្ឋានដូចគ្នាថា ការផលិតកុលាលភាជន៍ក្នុងតំបន់អង្គរ បានចាប់ផ្តើមពីដើមសតវត្សទី៩ នៃគ្រិស្តសករាជមកម្ល៉េះ។

ការសន្និដ្ឋានដូច្នេះ គឺក្រោយពីអ្នកស្រាវជ្រាវបានធ្វើកំណាយនៅតាមស្ថានីយឡដុតកុលាលភាជន៍ចំនួន១០ ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងបានយកបំណែកកុលាលភាជន៍ ទៅវិភាគនៅមន្ទីរពិសោធន៍បរទេស ដូចជាប្រទេសជប៉ុន និងសហរដ្ឋអាមេរិកជាដើម។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការស្រាវជ្រាវឡដុតកុលាលភាជន៍ខ្មែរត្រូវបានបែងចែកជាពីរដំណាក់កាល ដូចខាងក្រោម៖

ឡនៅដំណាក់កាលទី១៖ ផលិតឡើងប្រហែលជានៅក្នុងសតវត្សទី៩ ដល់ទី១០ នៃគ្រិស្តសករាជ។ នេះជាការស្រាវជ្រាវតាមបែបបុរាណវិទ្យាដែលប្រៀបធៀបឡ ជាមួយនឹងបំណែកកុលាលភាជន៍ ដែលបានមកពីកន្លែងប្រើប្រាស់ដែលរកឃើញនៅស្ថានីយផ្សេងៗទៀតនៅតំបន់អង្គរ។ ក្នុងដំណាក់កាលទី១ ឡមានរូបរាងច្បាស់លាស់ ចែកជា៣ផ្នែកគឺ ប្រអប់ភ្លើងសម្រាប់ដាក់អុស កន្លែងសម្រាប់ដាក់កុលាលភាជន៍ និងបំពង់ផ្សែងនៅខាងលើ។ ឡក្នុងដំណាក់កាលទី១នេះ មានទំហំតូច ទទឹងប្រមាណ ១.៥០ម៉ែត្រដល់៣.៦ម៉ែត្រ បណ្តោយប្រវែង ៥ម៉ែត្រដល់៩ម៉ែត្រប៉ុណ្ណោះ។ នៅចំកណ្តាលនៃឡមានសសរ៥ សម្រាប់ទ្រដំបូលឡ។ ឡប្រភេទនេះផលិតវត្ថុតូចៗពណ៌បៃតង ដូចជា ខួច ដន្លាប់ កោដ្ឋ ចាន និងកូនក្រឡជាដើម និងសម្ភារធំជាងនេះបន្តិច ប៉ុន្តែគ្មានស្រទាប់រលោង ដូចជាក្រឡ ក្អម និងពាងដាក់ទឹកជាដើម។

ដំណាក់កាលទី២៖ ចំណែកកុលាលភាជន៍ដែលផលិតក្នុងដំណាក់កាលទី២ គឺប្រភេទកុលាលភាជន៍ពណ៌ត្នោតមានក្រឡ ពាង ក្អម ក្បឿង និងភាជន៍រូបសត្វជាដើម។ រចនាសម្ព័ន្ធឡនៅដំណាក់កាលទី២ មានទំហំធំវែងជាងដំណាក់កាលទី១។ ដំណាក់កាលទី២នេះ បានចាប់ផ្តើមពីសតវត្សទី១១ដល់១៥ នៃគ្រិស្តសករាជ (ចុងសម័យអង្គរ)។ ឡមានការវិវត្តដែលមានប្រវែងរហូតដល់បណ្តោយ ២១ម៉ែត្រ ទទឹងមានប្រវែង ៣.២ម៉ែត្រ។ កន្លែងដាក់កុលាលភាជន៍ (Ceramic) មាន៤បន្ទប់ ខណ្ឌដោយរណ្តៅ៣កន្លែង សម្រាប់ដាក់អុសបញ្ចូលដើម្បីឲ្យភ្លើងឆេះខ្លាំងក្តៅសព្វ ធ្វើឲ្យកុលាលភាជន៍មានកម្រិតរឹងខ្លាំង ហើយមានស្រទាប់រលោងស្អិតជាប់គ្នាល្អ។ ដំណាក់កាលទី២នេះ ខ្មែរបុរាណនិយមផលិតកុលាលភាជន៍ពណ៌ត្នោត ហើយគុណភាពរឹងមាំល្អ។

លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍ នៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានឲ្យដឹងថា ដើម្បីឲ្យដឹងអំពីអាយុកាល និងសមាសធាតុផ្សំ គេត្រូវយកធ្យូង និងបំណែកកុលាលភាជន៍ដែលបានមកពីធ្វើកំណាយក្នុងឡ ទៅពិសោធនៅបរទេស ដូចជាប្រទេសជប៉ុន អាមេរិក និងប្រទេសសិង្ហបុរីជាដើម។ ថ្មីៗនេះអជ្ញាធរអប្សរាបានសហការជាមួយសាកលវិទ្យាល័យ New England ប្រទេសអូស្ត្រាលី ដើម្បីសិក្សាអំពីអាយុកាល សមាសធាតុផ្សំនៅក្នុងកុលាលភាជន៍។

យោងតាមការសិក្សារស្រាវជ្រាវកុលាលភាជន៍ខ្មែរ តាមបែបវិទ្យាសាស្រ្ត គេអាចបែងចែកការផលិតកុលាលភាជន៍ជា២ដំណាក់កាល គឺកុលាលភាជន៍ពណ៌បៃតងចាប់ផ្តើមផលិត នៅចុងសតវត្សទី៨ ឬដើមសតវត្សទី៩ រហូតមកដល់ចុងសតវត្សទី១៣។ រីឯកុលាលភាជន៍មានពណ៌ត្នោតចាប់ផ្តើមផលិត នៅចុងសតវត្សទី១១ដល់សតវត្សទី១៥។

លោក រចនា បានបញ្ជាក់ថារបកគំហើញតាមរយៈការសិក្សាតាមបែបបុរាណវិទ្យា និងវិទ្យាសាស្រ្តពុំមានគម្លាតខុសគ្នាខ្លាំងនោះឡើយ។ វិទ្យាសាស្រ្តផ្តល់ព័ត៌មានឲ្យអ្នកស្រាវជ្រាវដឹងអំពីការចាប់ផ្តើម ផលិត និងបញ្ចប់ទៅវិញ និងលក្ខណខុសគ្នាពីឡមួយទៅឡមួយទៀត។ ទិន្នន័យនៃការស្រាវជ្រាវតាមរបៀបទាំង២យ៉ាង កាន់តែធ្វើឲ្យក្រុមអ្នកស្រាវជ្រាវដឹងច្បាស់ថា នៅសម័យអង្គរ ខ្មែរបុរាណបានផលិតកុលាលភាជន៍ប៉ុន្មានប្រភេទ ព្រោះកុលាលភាជន៍ជាវត្ថុសំខាន់សម្រាប់បង្ហាញជីវភាពប្រចាំថ្ងៃ ដែលប្រើប្រាស់នៅសម័យនោះ។

សូមជម្រាបថា បច្ចុប្បន្នការស្រាវជ្រាវកុលាលភាជន៍ខ្មែរ នៅតែបន្តដោយអ្នកជំនាញខ្មែរសហការជាមួយប្រទេសជប៉ុន ធ្វើកំណាយស្រាវជ្រាវឡបែបបុរាណវិទ្យា នៅតំបន់ខាងកើតអង្គរ ដែលផលិតកុលាលភាជន៍ពណ៌ត្នោត។

ជាមួយគ្នានេះ ក្រុមការងារក៏ធ្វើសហប្រតិបត្តិការណ៍ជាមួយស្ថាប័នអន្តរជាតិ រួមមានស្ថាប័នមកពីសហរដ្ឋអាមេរិក និងអូស្រ្តាលី ដើម្បីធ្វើវិភាគវិទ្យាសាស្រ្តទៅលើកុលាលភាជន៍ ដើម្បីដឹងពីអាយុកាល ដឹងអំពីធាតុផ្សំ និងដឹងពីកន្លែងប្រើប្រាស់ ដែលនឹងអាចធ្វើឲ្យក្រុមអ្នកស្រាវជ្រាវដឹងពីអាណាចក្រខ្មែររីកចម្រើនដល់កន្លែងណាខ្លះ តាមរយៈការរកឃើញកុលាលភាជន៍ខ្មែរនៅកន្លែងទាំងអស់នោះ៕