(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានរិះគន់ថា ការអំពាវនាវ និងផែនការតវ៉ារបស់លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ឱ្យក្រុមហ៊ុនអន្តរជាតិ ឈប់ទិញទំនិញកម្ពុជា គឺសកម្មភាពប្រឆាំងជាតិកម្ពុជា និងប្រជាជនខ្មែររាប់លាននាក់។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងយ៉ាងដូច្នេះ៖ «ការអំពាវនាវនេះ គឺជាការអំពាវនាវឲ្យមានសកម្មភាពប្រឆាំងនឹង ប្រជាជនកម្ពុជា រាប់លាននាក់ មិនមែនជាង១លាននាក់ ធ្វើការនៅរោងចក្រ វាយនភណ្ឌ និងដេរស្បែកជើងនោះទេ ប៉ុន្តែប្រជាជនរាប់លានទៀតដែលជាគ្រួសារ របស់ពួកគេនៅតាមភូមិ-ឃុំនៅទូទាំងប្រទេស ដែលបានទទួលការឧបត្ថម្ភពីកម្មករ កម្មការិនីយើងនេះ ដូច​នេះខ្ញុំយល់ថា ការអំពាវនាវរបៀបនេះ ដែលប្រឆាំងប្រជាជនរាប់លាននាក់ និងមានន័យថា ជាការប្រឆាំងជាតិយើង ហើយគំនិតវាចាជាអំពើក្បត់ជាតិមួយទៀត របស់ថ្នាក់ដឹកនាំ អតីតគណបក្សប្រឆាំង នៅកម្ពុជា»

លោក ហោ ណាំហុង ម្ចាស់បណ្តឹងមួយដែលធ្វើឱ្យលោក សម រង្ស៉ី ភ័យរត់ទៅក្រៅប្រទេស បានបញ្ជាក់ទៀតថា ប្រជាជនខ្មែរ កម្មករ កម្មការិនី ក្រុមគ្រួសាររបស់ពួកគាត់ មិនអាចទទួលការអំពាវនាវ បែបនេះ​បានទេ។ លោកបានបន្តថា «តើក្នុងលោកនេះ ក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀត តើមានគណបក្សប្រឆាំងណាគេធ្វើរបៀបនេះ ទាំងនេះខ្ញុំ គ្រាន់តែមានការយល់ដឹងប៉ុណ្ណេះ ហើយសូមឲ្យប្រជាពលរដ្ឋ យើងជួយពិចារណា លើការអំពាវនាវនេះ»

ប្រតិម្មរបស់លោកឧបនាយករដ្ឋមន្រ្តី នាពេលនេះ បានធ្វើឡើងបន្ទាប់ពី លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលរំលាយ បានចេញមុខអំពាវនាវអំពាវនាវជាថ្មី និងរៀបចំផែនការតវ៉ាជា បន្តបន្ទាប់ នៅពេលខាងមុខ ដើម្បីឱ្យក្រុមហ៊ុនបញ្ជាទិញទំនិញពីកម្ពុជាទាំងអស់ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប បញ្ឈប់ការទិញទំនិញពីកម្ពុជា។

តាមរយៈវិទ្យុអាស៊ីសេរីលោក អេង ឆៃអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើង​ប្រាប់​គេ​ឲ្យ​ដឹង​ថា អ្វី​ដែល​គេ​ទិញ​ទំនិញ ឬ​គេ​ផ្ដល់​លុយ​កម្ចី ផ្ដល់​ជំនួយ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ្នឹង​គឺ​ផល​មិន​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​គ្រាន់តែ​ដូចជា​ការ​ផ្ដល់​ឱកាស​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នក​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល បិទ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តែ​ប៉ុណ្ណឹង​ឯង។ យើង​នឹង​បន្ត​ធ្វើ​កិច្ចការ​របស់​យើង​តាម​របៀប និង​តាម​វិធី​ដែល​យើង​ធ្វើ​ទៅ​បាន»

លោក សោម អូន ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បានលើកឡើងថា ការអំពាវនាវ និងផែនការរបស់ក្រុមអ្នកប្រឆាំងក្រៅច្បាប់នេះ នឹងមិនមាន ប្រសិទ្ធភាពឡើយ ហើយលោកចាត់ទុកថា សកម្មភាពនេះធ្វើឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ លោកថ្លែងថា​ «បើគាត់ស្រឡាញ់ជាតិ ស្រឡាញ់កម្មករ គាត់មិនត្រូវធ្វើបែបនេះទេ»