(ព្រះវិហារ)៖ ក្រុមហ៊ុន ដួង ស្រួច គ្រុប ដែលមានសិទ្ធិប្រមូលផល អនុផលព្រៃឈើ ក្នុងដីសម្បទានសង្គមកិច្ច ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន១៥៤៤ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញលិខិតឲ្យបញ្ឈប់សកម្មភាព ប្រមូលផល អនុផលព្រៃឈើហើយ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ដែលអង្គភាពព័ត៌មាន Fresh News ទទូលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុន ដួង ស្រួច គ្រុប ត្រូវបានរដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ចេញគោលការណ៍ឲ្យបញ្ឈប់សកម្មភាព ដែលកំពុងប្រមូលផលអនុផលព្រៃឈើ ក្នុងសម្បទានដីសង្គមកិច្ច ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានបញ្ជាក់ថា «ផ្អែកតាមការអង្កេតស្រាវជ្រាវ របស់មន្ត្រីជំនាញឃើញថា ដីសម្បទានសង្គមកិច្ច ក្នុងឃុំរំដោះស្រែ ដែលក្រុមហ៊ុន ដួង ស្រួច មានសិទ្ធិប្រមូលផល អនុផលព្រៃឈើនោះ គឺពុំមានឈើសម្រាប់ប្រមូលទៀតទេ ដូច្នេះរដ្ឋបាលខេត្តព្រះវិហារ បានធ្វើសំណើរទៅក្រសួងកសិកម្ម ដើម្បីឲ្យបញ្ឃប់សកម្មភាពប្រមូលផល អនុផលព្រៃឈើ នៅតំបន់នេះ ហើយម្យ៉ាងទៀត ដើម្បីការពារព្រៃឈើ នៅតំបន់ព្រៃដែនព្រះរការ នៅក្បែរឲ្យនៅគង់វង្ស»៕